ប្រទេសហ្វីលីពីនបានសាទរចំពោះសេចក្តីសម្រេចរបស់ WHO ដែលបានទទួលស្គាល់វ៉ាក់សាំងចិន Sinovac ជាផ្លូវការ

អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក ហារី រ៉ូក (Harry Roque) បានថ្លែងនៅថ្ងៃពុធទី០២ ខែមិថុនា នេះថា ប្រទេសហ្វីលីពីនសម្តែងក្តីសាទរ និងកោតសរសើរចំពោះ អង្គការសុខភាព ពិភពលោក (WHO) ដែលបានអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំងបង្ការ COVID-19 កូរ៉ូណាវ៉ាក់ (CoronaVac) របស់ក្រុមហ៊ុនចិន Sinovac ជាផ្លូវការ ដោយហ្វីលីពីនផ្ទាល់ចាត់ទុកថា ជាការជំរុញ ឲ្យប្រជាជនខ្លួន កាន់តែមានទំនុកចិត្តខ្ពស់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១។

លោក ហារី រ៉ូក បានលើកឡើងយ៉ាង ដូច្នេះថា «ឥឡូវនេះ… មិនត្រឹមតែរដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីន (FDA) ប៉ុណ្ណោះទេដែល និយាយថា វ៉ាក់សាំង Sinovac មានសុវត្ថិភាព និងប្រសិទ្ធភាព ប៉ុន្តែទីភ្នាក់ងារអង្គការសហប្រជា ជាតិមួយនេះ (WHO) ក៏កំពុងបញ្ជាក់អះអាងអំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វាផងដែរ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែមិថុនា (ពេលវេលានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស) អង្គការសុខភាពពិភពលោក (WHO) បានប្រកាសទទួលស្គាល់ជាផ្លូវការ នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមានឈ្មោះសម្គាល់ថា CoronaVac របស់ក្រុមហ៊ុនផលិតឱសថចិន Sinovac សម្រាប់ការប្រើប្រាស់ជាលក្ខណៈបន្ទាន់៕