បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែល ទទួលបាន បានអោយ ដឹងថា នៅក្នុងរយៈពេល៥ខែ នៃដើមឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូលជាង ១៦៦.៨១លាន ដុល្លារ ពីការនាំចេញអង្ករជាង ២៣៣ ០៣១តោន ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៤៧ប្រទេស ។
សហព័ន្ធស្រូវអង្ករបានឲ្យដឹងទៀតថា ចំពោះបរិមាណអង្ករសរុបជាង ១២ម៉ឺនតោន ឬជិត៥២% ត្រូវបាននាំទៅកាន់ប្រទេសចិន និងហុងកុង ព្រមទាំងម៉ាកាវ ដែលគិតជាទឹកប្រាក់ចំនួន ៧៧.៥២ លានដុល្លារផងដែរ។
សហព័ន្ធស្រូវអង្ករបានបញ្ជាក់អោយដឹងថា វិបត្តិកូវីដ១៩ ដែលប៉ះពាល់ដល់ចរន្តនៃលំហូរពាណិ ជ្ជកម្ម និងវិស័យផ្សេងដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិជាអាទ៍ កង្វះកុងតឺន័រ និងការឡើង ថ្លៃដឹកជញ្ជូនផ្លូវឆ្ងាយតាមសមុទ្រ ជាពិសេសទៅសហគមន៍អឺរ៉ុប បានធ្វើឲ្យបរិមាណនៃការនាំអង្ករ ចេញ ជារួមបានធ្លាក់ចុះជាង ៣៤% ហើយទីផ្សារដែលប៉ះពាល់ធំជាងគេនោះ គឺទីផ្សារសហគមន៍ អ៊ឺរ៉ុប ដែលធ្លាប់កាន់ចំណែកនៃការនាំចេញសរុបជាង៣៤% ប្រហែលគ្នាទៅនឹងទីផ្សាររបស់ចិន ដែលមានចំនួន ៣៨% នៅក្នុងរយៈពេល៥ខែដូចគ្នា នៅក្នុងឆ្នាំ២០២០។
បើគិតជាបរិមាណ ប្រមាណជាជាង ១២ម៉ឺនតោន នៅក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២០ មកត្រឹម ជិត៦ម៉ឺនតោន ឬជាង ២៥% នៃការនាំចេញសរុបក្នុង៥ខែ ឆ្នាំ២០២១។ ក្រៅពីនេះការនាំចេញទៅប្រទេសផ្សេងៗទៀតមានដូចជាសហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះពីជាង ២០០០តោន មកត្រឹមតែជាង ២០០តោនតែប៉ុណ្ណោះ។
សម្រាប់ខែឧសភា ឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករចំនួន ៤០ ៥៣៦តោន ទទួលបានទឹកប្រាក់ ២៦.៧១លានដុល្លារសហរដ្ឋអាមេរិក ហើយទីផ្សារដែលធំជាងគេ គឺប្រទេសចិន ៤០%, ប្រទេស នៅក្នុងទ្វីបអឺរ៉ុបចំនួន៣០%, ទីផ្សារក្នុងអាស៊ានជិត១២%, និង ទីផ្សារបណ្តាប្រទេសផ្សេងៗមានជិត ១៨%។
ចំពោះប្រភេទអង្ករនាំចេញក្នុងខែឧសភានេះ មានដូចជា អង្ករក្រអូបបាននាំចេញ ៧៤%, ចំពោះ អង្ករសគ្រាប់វែងវិញបាននាំចេញ ២១%, អង្ករចំហុយ ៣%, និងចុងក្រោយ ២% គឺអង្ករសរីរាង្គ៕