នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ លោក ផាន អូន មន្ត្រីជាន់ខ្ពស់ នៃក្រសួងពាណិជ្ជកម្មបានលើក ឡើងថា ករណីដែលបុគ្គលណាមួយ ជាប់ពាក់ព័ន្ធអាល់កុលក្លែងបន្លំ ឬអាល់កុល ក្លែងក្លាយ នឹងទទួលទោសតាមផ្លូវច្បាប់ ក្នុងនោះករណីស្រាល នឹងប្រឈមការព្យួរ ការដកហូត ការលុបចោលវិញ្ញាបនបត្រ ចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាប័ណ្ណ ការ ពិន័យអន្តរការណ៍ ទោសពិន័យជាប្រាក់ ប្រសិនបើករណីធ្ងន់នឹងឈានដល់ ទោសដាក់ពន្ធនាគារ។
អគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ក៏បាន ប្រាប់អោយដឹងទៀតថា ចំពោះករណីខាងលើ “ការពិន័យជាប្រាក់ យើងអត់មានទេ មានតែពិន័យជា អន្តរ ការណ៍ ដែលនាំឲ្យរលត់បណ្តឹងអាជ្ញា ហើយជាគោលដៅនៃច្បាប់ គឺត្រូវពិន័យម្ចាស់ ដែលជាអ្នកនាំចូល ប្រសិនបើជាគាត់ចែកចាយឲ្យទៅអ្នក ចែកចាយ យើងអាចពិន័យអ្នកនាំចូល ប៉ុន្តែបើអត់រកឃើញ ប្រភពអ្នកនាំចូលទេ អ្នកចែកចាយ នៅតែបន្តទៅឲ្យ អ្នកចែកចាយតូចតាចយើងពិន័យអ្នកចែកចាយ ធំៗនោះតែម្តង ហើយសម្រាប់ការព្រមាន ដកអាជ្ញាប័ណ្ណ ដូចមានចែង ក្នុងច្បាប់។ ពេលពិន័យអន្តរការណ៍ គេសរុប យើងនឹងធ្វើការផ្សព្វផ្សាយ បន្តទៀតដោយសារ ច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ យើងផ្សព្វផ្សាយច្រើនហើយដែលគិតមកទល់ ពេលនេះបាន ១២ រាជធានី ខេត្ត។
ការបង្ក្រាបបទល្មើស ពាក់ព័ន្ធអាល់កុលក្លែងបន្លំក្តី ឬអាល់កុលក្លែងក្លាយ ឆ្នាំ២០២១នេះ មានបរិមាណថយចុះ ចំនួនប្រមាណជាង ៣០ តោន បើធៀបនឹងរយៈពេល ដូចគ្នានឹងឆ្នាំ២០២០ ដែលមានប្រមាណជាង ៨០ តោន។យ៉ាងណាក៏ដោយ បន្ទាប់ពីយុទ្ធការបង្ក្រាប អគ្គនាយកដ្ឋាន ក.ប.ប សង្កេតឃើញថា ការផ្សព្វផ្សាយលក់អាល់កុល តាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) ហាក់មានរូបភាពកើនឡើង ដោយមូលហេតុថា បុគ្គលតែមួយ ប្រើប្រាស់គណនីហ្វេសប៊ុក ច្រើន រហូត ៦ ទៅ ៧ គណនីផ្សេងគ្នា។
លោក ផាន អូន បានលើកឡើងថា ក្នុងនាមជាមន្ត្រីស៊ើបអង្កេតក្តីនគរបាលយុត្តិធ៌ មក្តី ជានិច្ចកាល អគ្គនាយកដ្ឋាន ក.ប.ប តែងតែចាត់វិធានការ ដោយអនុលោម តាមនីតិវិធីច្បាប់ ពិសេសច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិត ផលទនិញ និងសេវា និងច្បាប់ស្តីពី កិច្ចការពារ អ្នកប្រើប្រាស់ ទៅតាមទំហំនៃ បទល្មើស ហើយករណីធ្ងន់ធ្ងរ កសាងសំណុំរឿង បញ្ជូនទៅតុលារការ។ ជាលទ្ធផល បានសង្កេតឃើញថា បទល្មើសពាក់ព័ន្ធនឹងអាល់កុល និងជែល មានការចុះថយ គួរឱ្យកត់សម្គាល់ បើប្រៀបធៀប ជាមួយឆ្នាំកន្លងមក ហើយការយល់ដឹង ពីហានិភ័យ ពាក់ព័ន្ធអាល់កុល និងជែលក្លែងក្លាយ របស់អាជីវករ ក៏មានការយល់ដឹងកើនឡើង។
បច្ចុប្បន្ន ការដាក់តាំងលក់ជាទូទៅ មានស្លាកសញ្ញា ដែលផ្ទុយស្រឡះទៅនឹងឆ្នាំ កន្លងទៅ។ ទាំងនេះ ជាផ្នែកមួយយ៉ាងសំខាន់ នៃការផ្សព្វផ្សាយ និងអនុវត្តច្បាប់ យ៉ាងម៉ឺងម៉ាត់ ធ្វើឡើងជាប្រចាំ ដោយអគ្គនាយកដ្ឋាន ក.ប.ប ពិសេសក្រោមការ ចង្អុលបង្ហាញ និងការគិតគូរយកចិត្តទុកដាក់ខ្ពស់ អំពីសុខុមាលភាព របស់អ្នក ប្រើប្រាស់ ពីសំណាក់លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ។គិតក្នុងរយៈពេល ពេញ១ខែឧសភា កន្លងទៅ អគ្គនាយកដ្ឋាន ក.ប.បបានចុះប្រតិបត្តិ ការបង្ក្រាប និងរឹបអូសអាល់កុលក្លែងក្លាយ ឬមេតាណុល ចំនួនសរុបប្រមាណជាង ៥៣ តោន៕