កាកបាទក្រហមកម្ពុជា បានចូលរួមឧបត្ថម្ភថវិកា ចំនួន១លានដុល្លារអាមេរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា

កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកា ចំនួន១លានដុល្លារអាមេរិក ជូនដល់មូលនិធិគន្ធបុប្ផា កម្ពុជា ដែលនេះជាលើកទី៤ ត្រូវជាឆ្នាំទី១០ (លើកទី១០) គិតចាប់តាំងពីឆ្នាំ២០១២មក សម្រាប់មន្ទីរ ពេទ្យកុមារគន្ធបុប្ផា។

ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតី ភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានគណៈប្រតិភូដឹកនាំដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូល និធិគន្ធ បុប្ផាកម្ពុជា តំណាងឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផា កម្ពុជា។

ថវិកាចំនួន ១លានដុល្លារនេះ ក៏ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលតំណាងដោយ លោកវេជ្ជ. Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស ក្នុងពេលនោះដែរ។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការ បានសម្តែងនូវក្តីសោមស្សរីករាយ និងស្វាគមន៍ យ៉ាងកក់ក្តៅចំពោះការអញ្ជើញដល់របស់គណៈប្រតិភូ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គ ការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរ ជូនចំពោះគណៈប្រតិភូ ក៏ដូចជាស្ថាបនិក-ថ្នាក់ដឹកនាំ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលខិតខំប្រឹង ប្រែងកៀរគររកមូលនិធិ ដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា។

ជាពិសេស ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យកុមារគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែង ផ្តល់សេវាកម្មសុខភាព ជូនស្ត្រីមានផ្ទៃពោះ និងកុមារកម្ពុជារាប់ពាន់ម៉ឺននាក់នៅទូទាំងប្រទេស។ ជាមួយគ្នានេះ លោកស្រី បានជម្រាបជូនអំពីសកម្មភាពកៀរគររកមូលនិធិ ក្នុងទិវា ៨ឧសភា និងការ អនុវត្តសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋងាយរង គ្រោះបំផុត និងរងគ្រោះដោយគ្រោះដោយទឹកជំនន់នាពេលកន្លងមក។

ជាកិច្ចឆ្លើយតបចំពោះការចូលរួមរបស់កាកបាទក្រហមកម្ពុជា ឯកឧត្តម រស់ សីលវ៉ា បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហម កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលខិតខំស្វះស្វែងរកការឧបត្ថម្ភគាំទ្រពីសប្បុរសជន គ្រប់មជ្ឈដ្ឋាន ហើយបានបន្តចូលរួមចំណែក ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះបានបង្ហាញ ពីការគិតគូររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការលើកកម្ពស់សុខុមាលភាពកុមារ ដែលជាមូលធន មនុស្សនៅកម្ពុជា។

ជាមួយគ្នានេះផងដែរ លោកវេជ្ជ. Denis Laurent ក៏បានសម្តែងនូវការដឹងគុណចំពោះ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាជាបន្តបន្ទាប់ ជា ពិសេសក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នាពេលនេះ។ នេះជាការឧបត្ថម្ភដ៏ថ្លៃថ្លា សម្រាប់ជួយសង្គ្រោះអាយុជីវិតដល់កុមារទាំងអស់ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ផា៕