លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលសំណើសម្តេចតេជោ ហ៊ុន សែន ទាក់ទងនិងបំណុលកម្ពុជា ជំពាក់អាមេរិកសម័យសង្គ្រាមទៅពិចារណា

ជំនួបសម្តែងការគួរសមរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Wendy Ruth Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលមានរយៈពេលប្រមាណជាពីរម៉ោង នៅ រសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានពិភាក្សាជាច្រើនលើការងារពង្រឹងទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការលើវិស័យនានា ហើយក៏បានជជែករឿងបំណុលដែលកម្ពុជាជំពាក់អាមេរិក ក្នុងសម័យសង្គ្រាមផងដែរ។

បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ ក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន បានស្នើទៅលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ឱ្យរដ្ឋាភិបាលអាមេរិកពិចារណា និងដោះស្រាយលើបញ្ហាបំណុល ដែលកម្ពុជាជំពាក់អាមេរិក ក្នុងរបប លន់ ណុល ជិត ៧០០លានដុល្លារ (ទាំងការ និងដើម)។

ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា សម្តេចតេជោ បានស្នើយន្តការដោះស្រាយលើបំណុលនេះ ចំនួន៣លក្ខខណ្ឌ រួមមាន៖
១៖ អនុញ្ញាតឱ្យកម្ពុជាសងប្រាក់បំណុលបន្តិចម្តងៗ
២៖ សងតាម កម្មវិធីរំលោះការប្រាក់ត្រឹមមួយភាគរយ និងទី
៣៖ បង្វែរបំណុលជាង ៧០ភាគរយ ទៅជាជំនួយ អភិវឌ្ឍន៍នៅកម្ពុជា លើវិស័យអប់រំ វប្បធម៌ និងដោះមីន ក៏ដូចជាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់។
ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ទៀតថា តបតាមសំណើនេះលោកស្រីអនុរដ្ឋមន្ត្រីការបរទេស អាមេរិក បានសន្យាយកសំណើទៅជូនលោក ចូ បៃដិន ពិនិត្យ និងដោះស្រាយ។

សូមជម្រាបថា ក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ លោកស្រីអនុរដ្ឋមន្ត្រីការ បរទេសអាមេរិកបានបង្ហាញពីការពេញចិត្តជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើនដូចជា ការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា, កិច្ចសហប្រតិបត្តិការប្រយុទ្ធ ប្រឆាំង ភេរវកម្ម, សកម្មភាពមនុស្សធម៌ ដូចជាការឱ្យនាវាវេស្ទើដាមចូលចត។

លោកស្រីអនុរដ្ឋមន្ត្រីការបរទេសក៏បានលើកឡើងពីឱកាសក្នុងការក្នុងការពង្រីកកិច្ចសហប្រតិបត្តិការវិស័យប្រេង និងឱស្ម័ន, ការវិនិយោគលើបញ្ហាទឹក ហេដ្ឋារចនាសម្ព័ន្ធ, ថាមពលបៃតង និងបញ្ហា ដទៃទៀត។

សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះអ្វីដែលលោកស្រីអនុរដ្ឋមន្ត្រីការបរទេសបានលើក ឡើង។ សម្តេចតេជោ ក៏បានអរគុណអាមេរិក ដែលបានជួយរកសន្តិភាពនៅកម្ពុជា និងការផ្តល់ជំនួ យអភិវឌ្ឍទាំងផ្ទាល់ និងប្រយោល។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអបអរសាទរសហរដ្ឋអាមេរិក ដែលទទួលបានលទ្ធផលល្អប្រ សើរលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕