ប្រទេស ជប៉ុនគ្រោងបរិច្ចាគ «៨០០លានដុល្លារអាមេរិកបន្ថែម» ដល់កម្មវិធីចែកចាយវ៉ាក់សាំង COVAX នៃ អង្គការសុខភាពពិភពលោក ( WHO )

តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ បានអោយដឹងថា លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) នាយករដ្ឋមន្ត្រីជប៉ុនកំពុងរៀបចំ ផែនការ ក្នុងការ បរិច្ចាគថវិកាបន្ថែមប្រមាណ ៨០០លានដុល្លារអាមេរិកទៀត ទៅដល់កម្មវិធីចែក ចាយវ៉ាក់សាំង អន្តរជាតិ COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO)។

នាពេលកន្លងមកនេះ ប្រទេសជប៉ុនបានប្តេជ្ញាផ្តល់ថវិកា ប្រមាណជា២០០លានដុល្លារ រួចទៅហើយ ដល់កម្មវិធី COVAX ដែលមានតួនាទីចែកចាយវ៉ាក់សាំងបង្ការ COVID-19 ទៅដល់បណ្តាប្រទេស នានាលើ ពិភពលោក ប្រកបដោយសមធម៌ និងតបតាមតម្រូវការចាំបាច់បំផុត។ បើតាមកាសែតជប៉ុន ម៉េនីជិ (Mainichi) ជប៉ុនក៏នឹងប្រកាសអំពីផែនការបរិច្ចាគវ៉ាក់សាំង ទៅកាន់ កម្មវិធី COVAX ក្នុងពេលឆាប់ៗ ខាងមុខ។

សូមបញ្ជាក់់ថា នៅក្នុថថ្ងៃពុធ ទី០២ ខែមិថុនានេះតែម្តង នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា នឹង ចូលរួមកិច្ចប្រជុំកំពូលនៃកម្មវិធី COVAX តាមអនឡាញ ជាមួយអនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស (Kamala Harris), មហាសេដ្ឋីអាមេរិកលោក បៀល ហ្គេតស៍ (Bill Gates) និង តំណាងទាំងឡាយមកពីប្រទេស G7។

កិច្ចប្រជុំកំពូល COVAX ខាងលើនេះផងដែរ គឺមានគោលដៅស្វែងរកការបំពេញ ថវិកាដែលខ្វះច ន្លោះប្រមាណ ១.៧ពាន់លានដុល្លារអាមេរិក ហើយអន្តរជាតិរំពឹងថា ប្រទេសធំៗ និងអង្គការពាក់ព័ន្ធ នានា នឹងជួយបង្កើនការបរិច្ចាគ ដើម្បីបំពេញការខ្វះខាតទាំងផ្នែកថវិកា និងវ៉ាក់សាំងបង្ការ COVID-19៕