ផ្ទះចំនួន៥០ខ្នង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលត្រូវប្រគល់ជូន អតីត យុទ្ធ ជនក្រីក្រ និងពិការភាព (ក្នុងជំហាន១) នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ខាងមុខ បច្ចុប្បន្នស្ថាបនាបាន ៩០%ហើយ

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកស្បៀង អាហារ ដើម្បីជួយទ្រទ្រង់ការរស់នៅ របស់អតីតយុទ្ធជនក្រីក្រ និងពិការភាព ចំនួន៧៥គ្រួសារ ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួច នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក អៀង ហុង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តពោធិ៍សាត់ និងជាអនុប្រធាន សមាគមអតីតយុទ្ធជនខេត្ត បានឱ្យដឹងថា គិតមកត្រឹមថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២១ លំនៅដ្ឋានដែលត្រូវចែកជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព ក្នុងខេត្តពោធិ៍សាត់ បានសាងសង់រួច៧៧ខ្នងហើយ ក្នុងនោះយើងបានតម្លើងសូឡា បាន៤៨ផ្ទាំង, តម្លើងបង្គន់បាន៤៥បន្ទប់, ខួងអណ្តូង បាន១៦កន្លែង រួចរាល់១៣អណ្តូង រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំទៀត។ លោកប្រធានមន្ទីរបានបន្តថា នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ខាងមុខ លំនៅដ្ឋានចំនួន៥០ខ្នង នឹងត្រូវធ្វើពិធីប្រគល់-ទទួល (ជំហាន១) ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព ជាផ្លូវការ ដែលបច្ចុប្បន្ននេះក្រុមការងារ បានស្ថាបនា និងរៀបចំរួចរាល់ បាន៩៥%ហើយ។

ចំពោះមុខគ្រួសារអតីតយុទ្ធជន ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធាន កិត្តិយស សមាគមអតីតយុទ្ធជនខេត្ត បានលើកឡើងថា ទីតាំងសម្បទានដីសង្គមកិច្ច (ដីកសិកម្ម និងលំនៅ ដ្ឋាន)ខាងលើនេះ គឺជាការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនអតីត យុទ្ធជន យើង ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ពលីកម្មជូនជាតិមាតុភូមិ រហូតទទួលបានសុខ សន្តិភាពមកដល់សព្វថ្ងៃ។ សម្ដេចទាំងទ្វេរតែងតែក្រើនរំលឹកមកអាជ្ញាធរខេត្ត និងក្រុមការ ងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ ត្រូវចុះជាប់ជាប្រចាំ ដើម្បីស្វែងយល់ពីសុខទុក្ខ និងរៀបចំលំ នៅដ្ឋានជូនពួកគាត់ ឱ្យមានសព្វគ្រប់បែបយ៉ាង ដូចលំនៅដ្ឋានយើងរស់នៅសព្វថ្ងៃ។

ជាការពិតណាស់ថា ទីតាំងសម្បទានដីសង្គមកិច្ចនេះ ត្រូវបានប្រគល់ជូនបងប្អូនអតីត យុទ្ធជនយើង ម្តងរួចមកហើយ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅដ្ឋាន និងដីកសិកម្ម ទំហំ៧០x១៥០ ម៉ែត្រ។ ដោយឡែកផ្ទះមានទំហំ ៥x៧ម៉ែត្រ គ្រឿងបង្គុំធ្វើអំពីដែក សសរចាក់ស៊ីម៉ង់តិ៍ ជញ្ជាំងស្មាត បត ដំបូលស័ង្កសី តតាកខាងក្រោយផ្ទះ ជាចង្ក្រានបាយ មានបង្គន់អនាម័យដាច់ដោយឡែក និង មានអណ្តូងទឹកជាដើម។ ក្នុងឱកាស ជាមួយការចូលរស់នៅរបស់បងប្អូនអតីតយុទ្ធជន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ក៏បានផ្តល់ផ្ទាំងសូឡា សម្រាប់ការប្រើប្រាស់ដាំបាយ ដាំដឹក ប្រើអំពូល និងត្រៀមរៀបចំតបណ្តាញភ្លើងរដ្ឋឱ្យបានដល់ គ្រប់ខ្នងផ្ទះ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានបន្តចុះពិនិត្យតាមខ្នងផ្ទះ និងការស្ថាបនាហេដ្ឋារចនា សម្ព័ន្ធមួយចំនួន ក្នុងគោលបំណងដើម្បីពន្លឿនការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ឱ្យបានលេចចេញជារូបរាងឡើង ក្នុងពេលដ៏ខ្លីខាងមុខ។

តំណាងអតីតយុទ្ធជនកម្ពុជា បានគោរពថ្លែងអំណរគុណ និងសម្តែងនូវការដឹងគុណមិនអាចបំ ភ្លេច បាន ចំពោះទឹកចិត្តសណ្តោសប្រណៃ និងការគិតគូរខ្ពស់ចំពោះអតីតយុទ្ធជនកម្ពុជា ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសន្យាខិតខំដាំដុះ បង្កបង្កើនផល និងថែរក្សាលំនៅដ្ឋាននេះតកូនតចៅ ជារៀងរហូត៕