លោក Assimi Goita ត្រូវបាន តុលាការធម្មនុញ្ញម៉ាលី ប្រកាសតែងតាំង ជាប្រធានាធិបតីថ្មី បណ្ដោះអាសន្ន

បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ តុលាការធម្មនុញ្ញនៃប្រទេសម៉ាលីបានប្រកាសតែងតាំងលោក Assimi Goita ដែលកាន់តំណែង ជាអនុប្រធានាធិបតីបណ្ដោះអាសន្នឱ្យឡើងធ្វើជាប្រធានាធិបតីម៉ាលី បណ្ដោះអាសន្ន។

នៅក្នុងក្រឹត្យមួយចេញផ្សាយកាលពីយប់ថ្ងៃសុក្រសប្ដាហ៍នេះ តុលាការធម្មនុញ្ញម៉ាលីបាននិយាយ ថា ដោយសារតែតំណែងប្រធានាធិបតីបណ្ដោះអាសន្ននៅទំនេរ បន្ទាប់ពីលោក Bah N’Daw លាលែងចេញពីតំណែងដូច្នេះអនុប្រធានាធិបតីនឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្ន ដើម្បីដឹកនាំដំណើរការអន្តរកាល រហូតដល់មានការបោះឆ្នោត សកលមួយដែល គ្រោងនឹង ធ្វើឡើងនៅឆ្នាំ២០២២។

បើតាមរដ្ឋធម្មនុញ្ញម៉ាលី នៅពេលតំណែងប្រធានាធិបតីនៅទំនេរក្រោម ហេតុផលណាមួយ នោះតំណែងប្រធានាធិបតីត្រូវផ្ទេរទៅ ឱ្យប្រធានសភាជាតិម៉ាលី ក៏ប៉ុន្តែ ដោយ សារតែពេលបច្ចុប្បន្ននេះ មុខងារប្រធានាធិបតី ជាតំណែង បណ្ដោះអាសន្ន និង រដ្ឋាភិ បាលបណ្ដោះ អាសន្ន តុលាការធម្មនុញ្ញបានអះអាងថាតំណែង ប្រធានាធិបតីនៅទំនេរនេះ ត្រូវប្រគល់ឱ្យអនុប្រធា នាធិបតីបណ្ដោះអាសន្ន ដោយយោងទៅតាម ធម្មនុញ្ញ អន្តរកាល៕