សម្តេចតេជោ ហ៊ុន សែនបានថ្លែងអោយដឹងថា ខែមិថុនា វ៉ាក់សាំងនឹងមកដល់ប្រមាណ ៤.៥លានដូសទៀត ធ្វើឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ជូនប្រជាព លរដ្ឋតាមផែនការ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារសំឡេងពិសេស ស្តីពីផែនការចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ សម្តេច បាន គូសបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ប្រមាណជា៤.៥លានដូសទៀត នឹងមកដល់ ប្រទេស កម្ពុជា នៅខែមិថុនាខាងមុខនេះ ដូច្នេះផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឱ្យបាន ១០លាននាក់ អាចសម្រេចបាននៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ឬត្រឹមដើមឆ្នាំ២០២២។

ក្នុងសារសំឡេងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងមានវ៉ាក់សាំងកូវីដ១៩ គ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋគ្រាន់តែមុន និងក្រោយប៉ុណ្ណោះ។ សម្តេចតេជោ បានស្នើ ប្រជាពលរដ្ឋយោគយល់ និងរង់ចាំការចាក់វ៉ាក់សាំងតាមផែនការដែលរាជរដ្ឋា ភិបាលបាន រៀបចំ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់។

តាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា និងមកជាបន្តបន្ទាប់។ យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង ៥លាន ទៅ ៦លាននាក់ មុនដំណាច់ឆ្នាំនេះ ក្នុងចំណោម ១០លាននាក់។ ហើយយើងនឹងខិតខំធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង ១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុត នៅដើមឆ្នាំក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវ៉ាក់សាំងគ្រប់ៗ គ្នា»។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ «ក្នុងពេលវេលានេះត្រូវ
ប្រើប្រាស់ [៣ការពារ ៣កុំ] ការពារខ្លួនឱ្យខាងតែបានសិនទម្រាំវ៉ាក់សាំងទៅដល់ ហើយបើ ទោះបី ជាអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏មិនត្រូវភ្លេច [៣ការពារ និង៣កុំ] ព្រោះវ៉ាក់សាំងមិន អាចទប់បានគ្រប់ការចម្លងនោះទេ គឺយើងត្រូវប្រើប្រាស់វ៉ាក់សាំងផង និងវិធីការពារខ្លួនពីកូវីដ១៩ ផង»។

គិតត្រឹមថ្ងៃ ២៨ ឧសភា ក្រសួងសុខាភិបាល តាមរយៈគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្រប ខណ្ឌទូទាំងប្រទេស បូករួមទាំងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំង ប្រទេស សរុប ២លាន ៤សែន ៦ម៉ឺន ៤ពាន់ និង៨៣៥នាក់។
លទ្ធផលចាក់វ៉ាក់សាំងដែលសម្រេចបាននេះ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈរនៅលំដាប់ទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ជាប្រទេសដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន និងលឿន៕