ប្រធានាធិបតីស៊ីរីបានលើកឡើងថា«ជ័យជម្នះរបស់ខ្ញុំប្រៀបបីដូចជា ការទះពួកសត្រូវម្នាក់មួយកំផ្លៀង»

លោក បាហ្សា អាល់ អាស្សាដ (Bashar al-Assad) ប្រធានាធិបតីស៊ីរី បាននិយាយថា ជ័យជម្នះរបស់លោកប្រៀបបីដូចជា ការទះពួកសត្រូវមួយកំផ្លៀងម្នាក់ បន្ទាប់ពីលោកបានជាប់ឆ្នោត ជាប្រធានាធិបតីសាជាថ្មីទៀតសម្រាប់អាណត្តិទី ៤ កាលពីថ្ងៃពុធក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ។

លោក បាហ្សា អាល់ អាស្សាដ ធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងសុន្ទរកថា មួយរបស់លោក តាមរយ:កញ្ចក់ទូរទស្សន៍ នៅថ្ងៃសុក្រទី២៨ ខែ ឧសភា ដោយលោកបានបញ្ជាក់ត្រង់ៗថា ជ័យជម្នះរបស់លោកគឺជាការទះ សត្រូវមួយកំផ្លៀង ហើយដែលការលើកឡើងបែបនេះ ទំនងជាលោកចង់សំដៅទៅលើក្រុមអ្នកប្រឆាំង គាំទ្រដោយលោកខាងលិច, ក្រុមឧទ្ទាមប្រដាប់អាវុធ និងសហរដ្ឋអាមេរិក ព្រមទាំងប្រទេសដែលមិនទទួលស្គាល់ ការបោះឆ្នោតប្រធានាធិបតីនៅស៊ីរី។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ប្រធានសភាស៊ីរីបានប្រកាសពី ជោគជ័យរបស់លោក បាហ្សា អាល់ អាស្សាដ ក្នុងការបោះឆ្នោត ជាមួយនឹងសំឡេងគាំទ្រ ៩៥.១% ឯណោះ។ ប៉ុន្តែសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៉ីតាលី វិញគឺបានប្រកាស «មិនទទួលស្គាល់» លទ្ធផលបោះឆ្នោតនៅស៊ីរីដោយចាត់ទុកថា វាមិនស្របច្បាប់។

លោក បាស្សា អាល់អាសាដ បានឡើងកាន់តំណែងជាប្រធានាធិបតីស៊ីរី ដោយបានបន្តវេនពីឪពុក គឺលោក ហាហ្វេស អាល់ អាស្សាដ (Hafez al-Assad) នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០០ ហើយបើតាម រដ្ឋធម្មនុញ្ញស៊ីរីបច្ចុប្បន្នដែលអនុម័តកាលពីឆ្នាំ២០១២កន្លងទៅនោះគឺ ប្រធានាធិបតី ម្នាក់មានសិទ្ធិចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតបានតែ ០២លើក ឬ ០២អាណត្តិ (មួយអាណត្តិមានរយៈពេល ០៧ឆ្នាំ) តែប៉ុណ្ណោះ ដែលមានន័យថា អាណត្តិថ្មីនេះនឹងក្លាយជា «អាណត្តិចុងក្រោយ» របស់លោក អាស្សាដ ហើយដែរ៕