រកឃើញ ទណ្ឌិត និងមន្ត្រីក្នុងពន្ធនាគារខេត្តកណ្ដាល ឆ្លងកូវីដកើនឡើង២៩៨នាក់ហើយ

គិតមកដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ម្សិលម៉ិញនេះ មន្ត្រីសុខាភិបាលខេត្តកណ្ដាល បានធ្វើ តេស្តរកឃើញទណ្ឌិត និងមន្ត្រីពន្ធនាគារខេត្តកណ្ដាលដែលឆ្លងកូវីដ១៩ បានកើនឡើង ដល់ចំនួន ២៩៨នាក់ហើយ។

បើយោងតាមរបាយការណ៍ ទទួលបាននៅយប់ថ្ងៃទី២៨ ខែឧសភា បានឱ្យដឹងថា ករណីឆ្លងនេះ បានកើតឡើងតាំងពីថ្ងៃទី២៥ ខែឧសភា មកម៉្លេះ ដោយដំបូងគឺបានរកឃើញទណ្ឌិតចំនួន ១០៣ នាក់ និងមន្ត្រីពន្ធនាគារ ៣នាក់ ហើយគិតមកដល់ថ្ងៃនេះ ចំនួនអ្នកឆ្លងកើនឡើង ២៩៨នាក់ ។

ចំពោះអ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកណ្ដាល បានថែទាំយកចិត្តទុកដាក់ ផ្ដល់ថ្នាំសង្កូវដល់ក្នុងពន្ធនាគារតែម្ដង ដើម្បីការពារមិនឲ្យពួកគាត់ចេញទៅព្យាបាលនៅខាងក្រៅ។ ចំណែកឯមន្ត្រីនគរបាលវិញ ក៏ត្រូវបានដាក់ពង្រាយដើម្បីការពារនៅជុំវិញពន្ធនាគារផងដែរ។

ក្រោយរកឃើញថាមានវិជ្ជមានភ្លាម មន្ត្រីពន្ធនាគារ ក៏បានខ្នះខ្នែងរៀបចំការបែងចែកទីតាំង សម្រាប់ ព្យាបាល ព្រមទាំងរៀបចំការពារទណ្ឌិតផ្សេងទៀតមិនឲ្យមានការឆ្លងបន្តទៀតនោះទេ ពោលគឺ អនុវត្តតាម ការណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងន័យបញ្ចៀសការឆ្លងដល់ទណ្ឌិតផ្សេងទៀត៕