អាជ្ញាធរសុខាភិបាលវៀតណាមនៅថ្ងៃសុក្រក្នុងសប្តាហ៍នេះបានរាយការណ៍ថា មានករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ២៥៣ករណីបន្ថែមទៀត ក្នុងនោះមានតែ១ករណីប៉ុណ្ណោះជាករណីនាំចូល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។
អាជ្ញារវៀតណាមបានគូសបញ្ជាក់អោយដឹងថា ក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ទាំង ២៥៣ករណីខាងលើនេះ មានចំនួន ១៧៦ករណីត្រូវបានគេរកឃើញនៅខេត្ត Bắc Giang, ៣៣ករណីនៅខេត្ត Bắc Ninh, ២៥ករណីនៅទីក្រុងហូជីមិញ, ១០ករណីនៅខេត្ត Lạng Sơn, ០៤ករណីនៅរដ្ឋធានីហាណូយ និង០៥ករណីទៀតនៅខេត្តចំនួន០៥ផ្សេងទៀត។
ក្នុងថ្ងៃជាមួយគ្នានេះដែរ វៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះ ម្នាក់ទៀត ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤៧នាក់ហើយ។
សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងសរុប ៦,៥៧០ករណី ក្នុងនោះករណីសហគមន៍មានចំនួន ៥,០៧៧ករណី និងករណីនាំចូល ១,៤៩៣ករណី។ ចំណែកអ្នកជាសះស្បើយមានចំនួនសរុបវិញមានចំនួន ២,៨៩៦នាក់៕