ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដែលថាអ្នករស់នៅភ្នំពេញ នឹងទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ គ្រប់គ្នា យ៉ាងយូរបំផុត ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ។
ឯកឧត្តម ឃួង ស្រេង ដែលជាអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់ សាំងកូវីដ-១៩ តែងតែបានចុះ ត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ ព្រមទាំង បាន ជំរុញឱ្យក្រុម ការងារ ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដី សម្រុកចាក់ឱ្យបានលឿន ដើម្បីឱ្យការចាក់ វ៉ាក់សាំងនេះ បានគ្រប់គ្នាសម្រាប់អ្នករស់នៅរាជធានីភ្នំពេញ យ៉ាងយូរបំផុត គឺក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាង មុខនេះ ស្របទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបាន នូវការឆ្លងរីករាលដាល កូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។
បើយោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នេះ គឺចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋ រស់នៅ រាជធានីភ្នំពេញ ចំនួន ១.៩១៤.៦៤១នាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្នុងនោះ តួលេខសម្រាប់នៅថ្ងៃទី២៦ ខែឧសភា មានចំនួន ១.៨២១.៥៥៩នាក់ និងតួលេខនៅថ្ងៃទី ២៧ ខែឧសភា បន្ថែមចំនួន ៩៣.០៨២នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកចាក់បានកើនឡើងរហូត ដល់ចំនួន ១.៩១៤.៦៤១នាក់៕