កងកម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿង ញៀន ចាប់ជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀនជិត១គីឡូក្រាម នៅទឹកដីខេត្តកំពង់ស្ពឺ។
ប្រតិបត្ដិការនេះដែរ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករង និងលោក វរៈសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) និងសហការជាមួយ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការជួយសម្របសម្រួល ពីលោក ខៃ សុភ័ស្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ។
ប្រតិបត្ដិការនេះ ធ្វើឡើងនៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធន: PTT ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៤ ក្នុងភូមិរលាំងសង្កែ ឃុំសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០៖២៥នាទី។
ការបើកប្រតិបត្ដិការចុះបង្ក្រាបខាងលើនេះ ដោយអនុវត្តទៅតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការ រងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់របស់ឧត្ដមសេនីយ៍ ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន។
ជនសង្ស័យទាំង៣នាក់នោះ រួមមាន ទី១៖ ឈ្មោះ ភុំ សំបូរ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ, ទី២៖ ឈ្មោះ ភុំ បេន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ, ទី៣៖ ឈ្មោះ អាន ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងវត្ថុតាងចាប់យកបាន ម្សៅសសង្ស័យមេតំហ្វេតាមីន (ICE) ចំនួន១ កញ្ចប់ធំ ស្មើទម្ងន់៩៨៨,២៧ក្រាម។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងខាងលើ ត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ទៅតាមនីតិវីធីច្បាប់៕