សម្តេចតេជោ ហ៊ុន សែន នឹងទទួលជួបជាមួយ លោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមេរិក ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ច នៅថ្ងៃទី០១ ខែមិថុនា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងទទួលជួបជាមួយ លោកស្រី អនុរដ្ឋមន្ត្រី ក្រសួងការ បរទេសសហរដ្ឋអាមេរិក Wendy Ruth Sherman ដែលនឹងអញ្ជើញមកបំពេញ ទស្សនកិច្ច នៅកម្ពុជា រយៈពេល១ថ្ងៃ គឺនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហ ប្រតិបត្តិការ អន្តរជាតិកម្ពុជា។

លោកស្រី Wendy Ruth Sherman ត្រូវបានក្រសួងការបរទេសអាមេរិកប្រកាសថា នឹងធ្វើដំណើរ ទស្សនកិច្ច១១ថ្ងៃ ទៅកាន់ប្រទេសមួយចំនួនទៀត ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយទស្សនកិច្ចដំបូងទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី ឥណ្ឌូ នេស៉ី កម្ពុជា និងប្រទេសថៃផងដែរ។

ឯកឧត្តម កុយ គួង បានបញ្ជាក់អោយដឹងថា អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ លោកស្រី អនុរដ្ឋមន្ត្រីក្រសួងការ បរទេសសហរដ្ឋអាមេរិក ក៏នឹងមានជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបន្តជួបឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ដើម្បី ពិភាក្សា អំពីការ ពង្រឹងទំនាក់ ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ។

ដំណើរទស្សនកិច្ចរបស់មន្រ្តីការទូតជាន់ខ្ពស់អាមេរិកនៅកម្ពុជា បានធ្វើឡើងក្រោយ សហរដ្ឋអា មេរិក ប្រកាសផ្តល់ជំនួយ ១១លានដុល្លារដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

តាមក្រសួងការបរទេសអាមេរិក បានបន្តទៀតថា «អំឡុងពេលទស្សនកិច្ចនៅតំបន់អាស៉ីអាគ្នេយ៍ (ឬអាស៊ាន) លោកស្រី Wendy Ruth Sherman នឹងប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះភាព ចាំបាច់នៅអាស៊ាន និងដំណោះស្រាយបញ្ហាកម្រិតទ្វេភាគី និងតំបន់ផងដែរ។ អាមេរិកក៏នឹងជំរុញរបបយោធាភូមា ឲ្យបញ្ឈប់អំពើហិង្សា ព្រមទាំងដោះលែងអ្នកជាប់ឃុំដែលខ្លួនថា ជាអំពើអយុត្តិធម៌ និងស្តារប្រទេសភូមាឲ្យទៅរកផ្លូវប្រជាធិបតេយ្យឡើងវិញ»ផងដែរ៕