នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈសារសំឡេងសារពិសេស ផ្ញើទៅកាន់ជនរួមជាតិ

សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសប្រាប់រដ្ឋមន្រ្តីឱ្យបញ្ឈប់ការស្នើចាក់វ៉ាក់សាំងតាមវិស័យ នៅខេត្តនេះបន្តិចខេត្តនោះបន្តិច ដោយកម្ពុជាត្រូវការចាក់ឱ្យពលរដ្ឋទាំងអស់ដោយអនុវត្តតាម ផែនការយុទ្ធសាស្រ្ត
សម្តេចតេ ជោនាយករដ្ឋមន្រ្តីបានថ្លែងថា កន្លងទៅ មានការស្នើមកសម្តេចជាបន្តបន្ទាប់ ដោយ ស្នើចាក់វ៉ាក់សាំង កូវីដ១៩ តាមខេត្ត ឬតាមក្រសួង រួមទាំងមានការស្នើចាក់តាមវិស័យ ក្នុងខេត្តនេះ ខេត្តនោះ ហើយក្រុមហ៊ុនខ្លះក៏ស្នើចាក់វ៉ាក់សាំងនៅ ក្នុងក្រុមហ៊ុនរបស់ខ្លួនផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែង ណែនាំដល់រដ្ឋមន្រ្តី និងអភិបាល ខេត្តនានា ឱ្យបញ្ឈប់ការ ស្នើចាក់វ៉ាក់សាំងតាម វិស័យនៅខេត្តនេះបន្តិចខេត្តនោះបន្តិច ដោយអះ អាងថា កម្ពុជាត្រូវការចាក់ឱ្យពលរដ្ឋទាំងអស់ ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្ត តាមរយៈការ ចាក់ស្រោចវ៉ាក់សាំងជាបន្តបន្ទាប់តាមលំដាប់លំដោយ នៃរាជធានី-ខេត្តអាទិភាព។

ក្នុងឱកាសនេះ សម្តេចបានធ្វើការណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស លោកជំទាវ ឱ វណ្ណឌីន ដោយសម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធ សាស្រ្តចាក់វ៉ាក់សាំង នោះគឺ «យុទ្ធសាស្រ្តផ្ការីក» ដោយចាក់ពីក្នុងចេញទៅក្រៅ។
សម្តេចបញ្ជាក់ថា៖ «យើងមិនអាចចាក់វ៉ាក់សាំងនៅកន្លែងនេះបន្តិចកន្លែងនោះបន្តិចបានទេ បើធ្វើដូច្នេះយើងនឹងមិនទទួលបានផល នៅក្នុងបញ្ហាចាក់វ៉ាក់សាំងនេះទេ»។

សម្តេចបានបន្តថា ដើម្បីបង្កើនភាពស៊ាំ រាជរដ្ឋាភិបាលត្រូវតែចាប់ផ្តើមចាក់ពីរាជធានីភ្នំពេញមុន ដែលរហូតដល់ពេលនេះគឺចាក់បានជាង១លាននាក់ហើយ ដោយការចាក់វ៉ាក់សាំងកូវីដ១៩ ជូន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជា បន្ទាប់ទៅគឺបណ្តាទី ប្រជុំជន នៅខេត្តកណ្តាល ហើយបន្ទាប់ទៀតទើបចេញទៅតាមទីប្រជុំជននៅតាមបណ្តាខេត្តនានា និងតំបន់រោងចក្រដែលមានកម្មករកកកុញ។

សម្តេចបានបញ្ជាក់ថា៖ «យើងមិនអាចចាក់វ៉ាក់សាំងដល់កម្មករដែលមានត្រឹមតែ ៤-៥ម៉ឺននាក់ នៅក្នុងខេត្តមួយដែលមានប្រជាជនជាង១លាននាក់បានទេ អញ្ចឹងនៅពេលដែលយើងចុះទៅ គឺយើងចុះទៅចាក់ស្រោចតែម្តង បើមិនបានទៅដល់ជនបទទេ ក៏យើងប្រមូលចាក់ទីក្រុង ទីប្រជុំជន និងកន្លែងដែលមានកម្មកររស់នៅកកកុញ និយាយរួមកន្លែងដែលកកកុញតែម្តង ធ្វើដូច្នេះទើបមានភាពស៊ាំក្នុងសហគមន៍»។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា សម្តេចនឹងពិភាក្សាជាមួយ លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីផ្តល់អាទិភាពទៅខេត្តណាទៀត បន្ទាប់ ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅតាមសង្វាក់នៃដំណើរការតាមផែនការ។ សម្តេចបន្តទៀតថា ដោយគ្រប់ផ្នែកទាំងអស់មានទាំងកម្មករផង ត្រូវចាក់វ៉ាក់សាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន នៅពេល ដែលយុទ្ធនាការវ៉ាក់សាំងចាប់ផ្តើមទៅដល់ខេត្តរបស់ខ្លួន លើកលែងតែករណីចាំបាច់ដែល ត្រូវចាក់ នៅរោងចក្រ។

សម្តេចថា យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ ដែលនឹងមកដល់៤.៥លាន ដូសទៀត នៅខែមិថុនា និងមកដល់បន្តបន្ទាប់ទៀត។
សម្តេចសូមអភ័យទោសចំពោះប្រជាពលរដ្ឋតាមបណ្តាខេត្ត ដែលបានចុះឈ្មោះចាក់វ៉ាក់សាំង ហើយ តែមិនទាន់ទទួលដំណឹងពីអាជ្ញាធរក្នុងការប្រាប់ឱ្យមកចាក់វ៉ាក់សាំង ដោយសារតែវ៉ាក់សាំង មានការខ្វះខាត។ បន្ថែមពីលើនេះ ទោះបីជាទទួលបានវ៉ាក់សាំងក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋបន្តការពារខ្លួនដោយអនុវត្តតាមវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ៕