សម្ដេចប្រធានរដ្ឋសភា ប្រគល់រថយន្តសង្រ្គោះបន្ទាន់មួយគ្រឿង ដល់មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

រថយន្តសង្គ្រោះបន្ទាន់ចំនួនមួយគ្រឿង ជាអំណោយរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានត្រូវប្រគល់ជូនមន្ទីរពេទ្យ បង្អែកស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីឆ្លើយតបតម្រូវ ការខាង វិស័យសុខាភិបាលនៅក្នុងខេត្ត ពិសេសក្នុងគ្រានៃការរីករាលដាលវីរុសកូវីដ-១៩នេះ។

ក្នុងពិធីប្រគល់ជូនរថយន្តសង្រ្គោះបន្ទាន់ដល់មន្ទីរពេទ្យបង្អែក ដែលរៀបចំធ្វើនៅគេហដ្ឋានផ្ទាល់ របស់សម្តេច ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា រថយន្តសង្គ្រោះបន្ទាន់មានសារៈសំខាន់ណាស់ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដែលមានជំងឺ និងរងគ្រោះថ្នាក់ផ្សេងៗ ហើយជាពិសេសការដឹង ជញ្ជូនពល រដ្ឋដែលបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ ឲ្យបានទាន់ពេលវេលា ទៅព្យាបាល នៅមន្ទីរពេទ្យ។

សម្តេច ហេង សំ រិន បានថ្លែងអំណរគុណព្រមទាំង កោតសរសើរជាទីបំផុត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត គ្រប់លំដាប់ថ្នាក់ ពិសេសនោះក្រុមគ្រូពេទ្យ កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុង បំពេញភារកិច្ចយ៉ាងសកម្មនៅក្នុងការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងពីជំងឺកូវីដ-១៩ ក៏ដូចជា វិធានការការពារនានា ពិសេសការយកចិត្តទុកដាក់ដល់ការព្យាបាលអ្នកជំងឺ ការថែទំាសុខភាព ប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក្ក ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឆ្លៀតឱកាសនោះ សម្តេច ប្រធានរដ្ឋសភាបានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋបន្តអនុវត្តរាល់វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយមិនត្រូវធ្វេសប្រហែសឡើយ ពីព្រោះជំងឺកូវីដ-១៩ នៅតែគំរាមកំហែងសង្គមជាតិខ្លាំងក្លា នៅឡើយ។ សម្តេចបានគូសបញ្ជាក់ថា ការអនុវត្តតាមវិធានច្បាប់និងវិធានសុខាភិបាល “៣ការពារ និង ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន ជាមួយនិងការ ទៅទទួលវ៉ាក់សំាង ដោយឥតគិតថ្លៃ ដែលរាជរដ្ឋាភិបាល កំពុងផ្តល់ជូន គឺជាមធ្យោបាយដ៏មាន ប្រសិទ្ធភាពខ្ពស់បំផុត ដែលអាចឲ្យយើងគ្រប់គ្នាគេចផុតពីជំងឺ ដ៍កាចសាហាវនាពេលនេះ។

ប្រជាពលរដ្ឋ អាជ្ញាធរខេត្តត្បូងឃ្មុំ ជាពិសេសមន្រ្តីសុខាភិបាល ស្រុក ពញាក្រែងបានថ្លែងអំណរគុណជ្រាលជ្រៅចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋសភានាពេលនេះ ថាពិតជាមានសារៈសំខាន់ នៅក្នុងការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋនៅគ្រាមាន អាសន្ន និងបានឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការក្នុងកាលៈទេសៈដែលជំងឺកូវីដ-១៩ កំពុង រាតត្បាតនេះផងដែរ៕