កម្ពុជាបានបង្ហាញពីការត្រៀមខ្លួនក្នុងការចូលរួមជាមួយអាស៊ានក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន កាណាដា ដោយជំហ៊ានដំបូងនេះ កម្ពុជាបានប្រជុំពិគ្រោះយោបល់អន្តរក្រសួង ស្ថាប័នផ្ទៃក្នុងដើម្បីប្រមូលធាតុចូលលើជំពូកស្ដីពីបរិស្ថាននៅក្នុងសេចក្តីព្រាងឯកសារក្របខណ្ឌសម្រាប់ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីនេះ ។
នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នៅព្រឹកថ្ងៃទី២៨ ឧសភា ២០២១ តាមវីដេអូអនឡាញ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បង្ហាញសាវតានៃការគ្រោងចរចាកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានកាដាណាព្រមទាំងបានជម្រាបជូនអង្គប្រជុំនូវជម្រើសមួយចំនួនដែលជាជំហរ សម្រាប់អង្គប្រជុំពិចារណា ក្នុងការរៀបចំធាតុចូលសម្រាប់ស្វែងរកជំហររួមអាស៊ាន ដើម្បី ឆ្លើយ តបទៅភាគីកាណាដាវិញ។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងទៅកាន់អង្គប្រជុំ បញ្ហាបរិស្ថានគឺជាការទូតបៃតងដែលកម្ពុជាតែងតែយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យកម្ពុជាអាចអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងឱកាសនោះ អង្គប្រជុំបានផ្តល់ឱកាសឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលបានចូលរួមផ្តល់ធាតុចូល ដើម្បីបង្កើតបានជាជំហររបស់កម្ពុជាដើម្បីឆ្លើយតបទៅកាន់លេខាធិការអាស៊ានវិញ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាយើង បានសម្រេចនូវការចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនហើយ ក្នុងនោះរួមមានដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា កូរ៉េខាងត្បូង ហើយកម្ពុជាក៏មានគម្រោងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដែលមានទីផ្សារធំៗលើពិភពលោកផ្សេងទៀតផងដែរ៕