គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ «TYDA» ម្នាក់ឆ្លងកូវីដ-១៩

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ៥៤៤នាក់ទៀត ដែលបានរកឃើញជាអ្នករស់នៅក្នុងទីក្រុងភ្នំពេញ ជាប់ពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្នុងចំណោមទាំងអស់នោះមានគ្រូពេទ្យម្នាក់ ជាសមាជិកក្រុម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ «TYDA» ឆ្លងវីរុសកូវីដ-១៩។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏បានគូសបញ្ជាក់ថា គ្រូពេទ្យម្នាក់ជាសមាជិកក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ«TYDA»នោះ មានឈ្មោះ ឈន ទេព ភេទស្រី អាយុ ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ៣៨៤ ផ្លូវលេខ ៣៦៧ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ ក្នុងនោះមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង។ ក្នុងករណីដែលពលរដ្ឋមានបញ្ហាសុខភាព ដូចជា ក្អក ផ្តាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យទាំងឡាយណាដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ «Samdech Techo Voluntary Youth Doctor Association » (T.Y.D.A) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០១២ ក្រោមការផ្តួចផ្តើមគំនិតពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (T.Y.D.A) និងលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (T.Y.D.A)។ សមាគមនេះ បានចុះធ្វើ​សកម្មភាព មនុស្សធម៌ នៅតាមសហគមន៍នានាទូទាំង ២៥ រាជធានី-ខេត្ត។ ហើយជាក់ស្ដែង សមាគមនេះក៏បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិសុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ៕