ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញលិខិតស្នើឱ្យអភិបាលរាជធានី-ខេត្ត បន្តជំរុញការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាល ដាលនៃជំងឺកូវីដ១៩ នាអំលុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ការណែនាំទាំងនោះរួមមាន ៤ ចំណុច ៖
១៖ ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យបានជាប្រចាំនូវអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការណ៍ «៣ការពារ ៣កុំ» ដែលរួមមាន៖ អនុវត្ត ៣ការពារ ត្រូវពាក់ម៉ាស់ លាងដៃឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ ម៉ែតកន្លះឡើងទៅឱ្យបានគ្រប់គ្នា និងនៅគ្រប់ទីកន្លែង។ អនុវត្ត ៣កុំ គឺកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូលល្អ កុំទៅកន្លែងមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្ដាសាយ ឬសង្ស័យមានជំងឺកូវីដ១៩ កុំចេញក្រៅ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ ឬហៅទៅលេខ ១១៥។
២៖ បន្តត្រួតពិនិត្យជាប្រចាំ និងពង្រឹងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលចំពោះអាជីវកម្មស្ប៉ា ម៉ាស្សាសុខភាព និងអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (មានខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន) ដែលពុំទាន់បានអនុញ្ញាតឱ្យបើកដំណើរឡើងវិញ។
៣៖ ចំពោះអាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេ KTV នៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត ដែលបានប្រែក្លាយទៅជាភោជនីយដ្ឋាន ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវវិធាននៃក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងករណីដែលអាជីវកម្មធ្វេសប្រហែស មិនបានអនុវត្តនូវផ្នែក ឬចំណុ ចណាមួយនៃគោលការណ៍ណែនាំ ត្រូវផ្អាកសកម្មភាពអាជីវ កម្មរហូតមានការកែតម្រូវស្របតាមគោលការណ៍ណែនាំ ទើបត្រូវបានអនុញ្ញាតឱ្យប្រកបអាជីវកម្ម។
៤៖ ចំពោះវិធានសុវត្ថិភាពទេសចរណ៍ (ជំហានទី១) ដែលបានដាក់ចេញឱ្យអនុវត្តកន្លងមក ក្នុងនោះរួមមាន វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ វិធានសុវត្ថិភាពសម្រាប់សេវាកម្មភោជនីយដ្ឋាន និងអាហារ ដ្ឋានទេសចរណ៍ វិធានសុវត្ថិភាពសម្រាប់សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក វិធានសុវត្ថិភាពសម្រាប់សេវាកម្មដឹក ជញ្ជូនទេសចរណ៍ផ្លូវគោក វិធានសុវត្ថិភាពសម្រាប់រមណីយ ដ្ឋានទេសចរណ៍ និងវិធានសុវត្ថិភាពសម្រាប់សហគមន៍ទេសចរណ៍ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យកាន់តែផុលផុស និងអនុវត្តឱ្យបានជាប្រចាំជាងមុនបន្ថែមទៀត តាមរយៈក្រុមការងារបានបង្កើតឡើង៕