ព្រឹកស្អែក ក្រសួងសុខាភិបាលនឹងធ្វើសន្និសីទកាសែតជុំវិញការភាន់ច្រឡំរឿងវីរុសកូវីដមានប្រភពចេញពីសត្វប្រចៀវនៅកម្ពុជា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានដើម្បីបំភ្លឺ ពីមន្ទីរពិសោធន៍ លើបញ្ហាវីរុសកូវីដ-១៩» នៅទីស្ដីការក្រសួងសុខាភិបាល នាវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះ ជុំវិញការផ្សព្វផ្សាយរបស់ប្រព័ន្ធបរទេសដែលថាវីរុសកូរ៉ូណា ត្រូវបានរកឃើញនៅលើសត្វប្រចៀវដែលមានប្រភពចេញពីប្រទេសក្នុងតំបន់អាស៊ីតាំងពីឆ្នាំ២០១០ ដូចជា ឡាវ ថៃ កម្ពុជា និងវៀតណាម ជាដើម។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកស្អែកនេះ ក៏មានការចូលរួមពីលោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារែល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ផងដែរ។

ភ្លាមៗនៅក្រោយពីមានការផ្សព្វផ្សាយព័ត៌មានដូចខាងលើនេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានច្រានចោលព័ត៌មាននោះ និងបានចាត់ទុកថា ជាការផ្សាយមិនត្រឹមត្រូវ ឬជាការយល់ច្រឡំណាមួយក្នុងការផ្សព្វផ្សាយថា វីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើសត្វប្រចៀវនៅកម្ពុជា ដោយមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា តាំងពីឆ្នាំ២០១០។ លោកស្រី បានអះអាងថា វីរុសនៅក្នុងសត្វប្រចៀវនោះ មិនមែនកូវីដ-១៩ ឡើយ គឺគ្រាន់តែស្រដៀងគ្នា ប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងសុខាភិបាល រូបនេះ បានបញ្ជាក់ថា ៖ មិនត្រឹមត្រូវ និងយល់ច្រឡំធំ ក្រសួងនឹងធ្វើសន្និសីទសារព័ត៌មានដើម្បីបំភ្លឺលើបញ្ហានេះនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក នៅទីស្ដីការក្រសួងសុខាភិបាល។

គួរជម្រាបថា គិតត្រឹមម៉ោង ៧ ៖ ០០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៥៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦០នាក់ រាប់ទាំងមនុស្សពាក់ព័ន្ធដែលទើបរកឃើញរយ:ពេលពីរថ្ងៃចុងក្រោយនេះ៕