ជប៉ុនផ្តល់ឧបករណ៍សម្រាប់វិភាគមេរោគកូវីដចំនួន១៦គ្រឿងដល់វិទ្យាស្ថានប៉ាស្ទ័រ

ភ្នំពេញ ៖ ទីភ្នាក់ងារ JICA ថ្មីៗនេះ បានប្រគល់ជូនឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់វិទ្យាស្ថានប៉ាស្ទ័រ (IPC) ក្នុងការឆ្លើយតបទៅនឹងតម្រូវការនៅក្នុងស្ថានភាពបច្ចុប្បន្នលើការបង្កើនសមត្ថភាពធ្វើតេស្តរកមេរោគកូវីដ១៩។

ឧបករណ៍ទាំងនោះរួមមាន QIAamp® Viral RNA Minikit ចំនួន២៥០តេស្ត ស្មើរនឹង ៨គ្រឿង (សរុប ១៦០០តេស្ត) និង SuperScript® III Platinum ® One-Step Quantitative RT PCR system ចំនួន ៥០០តេស្តស្មើរនឹង៨គ្រឿង (សរុប ៤០០០ តេស្ត)។ JICA មានសេចក្តីសមោនស្សរីករាយក្នុងការ ចូលរួមគាំទ្រដល់ វិទ្យាស្ថានប៉ាស្ទ័រ ដែលបានខិតខំធ្វើការយ៉ាងយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ១៩ នៅប្រទេសកម្ពុជា ។

នេះគឺជាការចូលរួមចំណែកជាលើកទី២ របស់ JICA ដល់វិទ្យាស្ថានប៉ាស្ទ័រ ដែលលើកទី១ នៃការប្រគល់ជូន SuperScript® III Platinum® One-Step Quantitative RT PCR system ចំនួន ៥០០តេស្ត ស្មើរនឹង ១គ្រឿងបានធ្វើឡើងនាខែកក្កដា ឆ្នាំ ២០២០ ។

JICA បានផ្តោតសំខាន់លើការលើកកម្ពស់ការឆ្លើយ តបទៅនឹងជម្ងឺកូវីដ១៩ នៅក្នុងកម្រិតមូលដ្ឋានជាមួយកម្មវិធីពង្រឹងការយល់ដឹងក្នុងសហគមន៍។ ឧទាហរ ណ៍គម្រោងលើកកម្ពស់ការការពារពីមេរោគកូវីដ១៩ តាមរយៈការផ្សព្វផ្សាយតាមសហគមន៍ដោយផ្តល់ការបណ្តុះបណ្តាលស្តីពីការពង្រឹងការការពារពីមេរោគកូវីដ១៩ ដល់ប្រជាជនងាយរងគ្រោះ កម្មកររោងចក្រកាត់ដេរ និងវាយនភណ្ឌជាច្រើននៅក្នុងក្រុងបាវិត និងខេត្តស្វាយរៀង។ JICA ប្តេជ្ញាក្នុងការធ្វើការងារបន្ថែមទៀតជាមួយក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕