អាជ្ញាធរគ្រោងដាក់ស្រឡាងចម្លងពីកោះនរា ទៅកាន់កោះពេជ្រ ដើម្បីរំដោះចរាចរណ៍ផ្លូវជាតិលេខ១

ភ្នំពេញ ៖ ខណៈស្ពានតភ្ជាប់ពីកោះពេជ្រមកកាន់ កោះនរា បាន និងកំពុងសាងសង់យ៉ាងមមាញឹក អាជ្ញាធររាជធានីភ្នំពេញ មានគម្រោងនឹងដាក់ស្រឡាងឆ្លងយានយន្តចេញពីកោះនរា ទៅកាន់កោះពេជ្រជាបណ្តោះអាសន្ន ដោយសហការជាមួយក្រុមហ៊ុន OCIC ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏មានគម្រោង នឹងសាងសង់ស្ពាន១ទៀត នៅភាគខាងត្បូងផ្លូវជាតិលេខ១ ពីព្រែកប្រា មកផ្លូវជាតិលេខ២ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១ ភ្ជាប់មកផ្លូវជាតិលេខ ២។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី បានបញ្ជាក់យ៉ាងដូច្នេះ ខណៈ ឯកឧត្ដម បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យ មើលស្ថានភាពជាក់ស្ដែងនៅលើកោះនរា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

ឯកឧត្ដម បានបញ្ជាក់ ថា ដើម្បីដោះស្រាយការកកស្ទះនៅលើ កំណាត់ផ្លូវជាតិលេខ ១ រដ្ឋបាលរាជធានីភ្នំពេញ នឹងខ្ចីដីកោះនរា ដាក់ស្រឡាង សម្រាប់ចម្លងយានជំនិះគ្រប់ប្រភេទ ចេញពីកោះនរា ទៅកាន់កោះពេជ្រ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅផ្លូវជាតិលេខ១។ ប៉ុន្តែឯកឧត្តម មិនបានបញ្ជាក់ថា នឹងចាប់ផ្ដើមដំណើរការនៅពេលណានោះឡើយ៕