ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃអាទិត្យ ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហ៊ឹន ត្រឹង ហៅ (ឧកញ៉ា ហេង សុវណ្ណា) សមាជិកក្រុមការងារថ្នាក់កណ្តាលគណបក្ស ចុះជួយមូលដ្ឋាន ស្រុកព្រៃនប់ និងលោកជំទាវ ហ៊ួត ស៊ីថា លោកវរៈសេនីឯក ថោង បាន និងលោក ម៉ាក់ គុន្ធាថារ៉ាន់ ក្រុមការងារចុះជួយ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារអញ្ជើញទៅចូលរួម ក្នុងពិធី បុណ្យភូមិនិងពិធីសំណេះសំណាលសួរសុខទុក្ខជាមួយ បងប្អូនប្រជាពលរដ្ឋនិង ពុទ្ធបរិស័ទ សរុប ចំនួនជាង២០០នាក់។
ថ្លែងនៅក្នុងឱកាសនោះដែរលោក ហ៊ឹន ត្រឹង ហៅ(ឧកញ៉ា ហេង សុវណ្ណា) សមាជិកក្រុមការងារថ្នាក់កណ្តាល គណបក្ស ចុះជួយមូលដ្ឋានស្រុកព្រៃនប់ និង ជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ប្រធានគណៈកម្មការកណ្តាលថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមទាំង៣រូប បានផ្តាំផ្ញើ សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ជាពិសេស លោកឧកញ៉ា បានពាំនាំនូវសេចក្តីនឹករលឹក និងផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោក ហ៊ឹន ត្រឹង ហៅ (ឧកញ៉ា ហេង សុវណ្ណា)បានមានប្រសាសន៍បន្តថា៖ លោកត្រូវបានថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និង ប្រធានគណបក្សប្រជាជន កម្ពុជា មានទំនុកចិត្ត និងតែតាំង លោកឧកញ៉ា ជាសមាជិកក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយមូលដ្ឋានដែលមាន ឃុំ ចំនួន១៥ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុយើងនេះ ជាពិសេស នៅឃុំរាមតែម្តង។
លោក ឧកញ៉ា បានលើកឡើង បន្ថែមថា៖គោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកជូនប្រទេសជាតិ នូវសុខសន្តិភាព ស្ថេរភាពពេញលេញ បង្កលក្ខណៈឲ្យកម្ពុជាអាចធ្វើសមាហរណកម្មទៅក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល ហើយមានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យកម្ពុជាយើងស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាង។
លោក ហ៊ឹន ត្រឹង ហៅ (ឧកញ៉ា ហេង សុវណ្ណា) បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះបងប្អូន និងក្មួយៗដែលបានស្ម័គ្រចិត្តចូលជាសមាជិក សមាជិកា គណបក្សប្រជាកម្ពុជានេះ គឺដោយសារ បងប្អូន និងក្មួយៗ បានពិចារណាយ៉ាងច្បាស់លាស់ពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។
លោក ឧកញ៉ា ហេង សុវណ្ណា បានគូសបញ្ជាក់បន្ថែមថា៖ ការដែលបងប្អូនរួបរួមសាមគ្គីគ្នាធ្វើបុណ្យកំសាន្តភូមិនៅពេលនេះ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលិញ មានសេរីភាពខាងជំនឿសាសនារៀងៗខ្លួន។មិនតែប៉ុណ្ណោះ លោក ហ៊ឹម ត្រឹង បានធ្វើការកោតសរសេីរដល់បងប្អូន ដែលបានប្រារព្ធធ្វើពិធីនេះឡើង ចំថ្ងៃ១៤ កុម្ភៈ គឺជាថ្ងៃដែលពិភពលោក ចាត់ទុកជាថ្ងៃពិសេស គឺជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ឆ្លៀតក្នុងឱកា នេះ លោក ហ៊ឹន ត្រឹង ហៅ (ឧកញ៉ាហេង សុវណ្ណា) និង លោកជំទាវ ហួត ស៊ីថា សូមផ្ញើសេចក្តីស្រឡាញ់នេះជូន ដល់បងប្អូនយើង នៅទូទាំងពិភពលោក ជាពិសេសបងប្អូនដែលនៅក្នុងប្រទេស កម្ពុជាយើងនេះតែម្តង។
ដូចគ្នានេះដែរ លោក វរៈនាវីឯក ថោង បាន ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការ រង កងទ័ព ជើងទឹក និង ជាមេបញ្ជាការមូលដ្ឋានសមុទ្រ និង លោក ម៉ាក់ គន្ថាថារ៉ាន បានលើកឡើងស្រដៀងៗគ្នាថា៖បុណ្យដារលាន ឬបុណ្យភូមិគឺជាប្រពៃណីមួយដែលត្រូវបានបណ្ដាជនអ្នកស្រុកស្រែចម្ការ តែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែមករា កុម្ភៈ ឬខែមីនាទៅតាមភូមិនីមួយៗដើម្បីរំឭកគុណដល់ទឹក ដី និងអាកាសធាតុ សម្រាប់ការបង្កបង្កើនស្រូវនោះគឺ«បុណ្យដារលាន ឬបុណ្យភូមិ» ។ ប្រជាពលរដ្ឋខ្មែរតែងតែប្រារពពិធី«បុណ្យដារលាន» ជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ ក្រោយពីបានប្រមូលផលស្រូវរួចរាល់។ ប្រជាពលរដ្ឋក្នុងភូមិទាំងមូលបានស្រុះស្រួលគ្នា រៀបចំពិធី«បុណ្យដារលាន ឬបុណ្យភូមិ» ដើម្បីបង្កើតនូវភាពសប្បាយរីករាយ ការជួបជុំ ជាពិសេស ការបង្ហាញនូវ«ផលស្រូវ» ដែលពួកគាត់ទទួលបានក្នុងមួយឆ្នាំៗ
លោក វរ:នាវីឯក ថោង បាន សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរយើងធ្វើពិធីបុណ្យនេះចាប់តាំងពីរដូវច្រូតកាត់ហើយ រហូតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ហើយហៅបុណ្យដាលាននេះថា «បុណ្យដារលាន ឬបុណ្យភូមិ»។ ហើយអំណោយដែលក្រុមការងារ យកមកចែកជូនបងប្អូនយើងនៅពេលនេះ មានចំនួនជិត២០០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង ១ និងថវិកា ២០ ពាន់រៀល ចំណែកកុមារតូចៗចំនួនជិត១០០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ៥០០០រៀលផងដែរ៕ ដោយ ៖ មនោរាហ៍