ថ្ងៃទី១៤ កុម្ភៈ ឬទិវានៃក្តីស្រឡាញ់ (Valentine’s Day ជាភាសាអង់គ្លេស ឬ Saint-Valentin ជាភាសាបារាំង) បានចាប់ផ្តើមឡើងពីបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ពោលគឺនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ហើយបន្តរាលដាលពាសពេញពិភពលោក។
បុណ្យនេះ គឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។ សេចក្ដីស្រឡាញ់ មានលក្ខណ:ទូលំទូលាយ។ ប៉ុន្ដែ ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានយល់ច្រលំថា ថ្ងៃបុណ្យនេះសម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោមយុវវ័យ ទើបបានជាពួកគេហៅថ្ងៃបុណ្យនេះថា ថ្ងៃបុណ្យសង្សារ។ នៅថ្ងៃបុណ្យនេះ គេនិយមជូនផ្កាកុលាប សូកូឡា ឬកាតជូនពរឲ្យគ្នាទៅវិញទៅមក។ ចំណែកនិមិត្តសញ្ញានៃថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ គឺរូបបេះដូង ផ្កាកុលាប និងរូបតំណាងកូនទេវតានៃស្រឡាញ់ ដែលមានកាន់ព្រួញ និងរូបបេះដូង។
តាមកំណត់ត្រាទាក់ទងនឹងការប្រារព្ធទិវានេះ មានរឿងតំណាលតៗគ្នាថា នាអំឡុងពេលកលយុគ្គ (សង្គ្រាម) នៅក្នុងទីក្រុងរ៉ូម រដ្ឋាភិបាលអ៊ីតាលី មានការលំបាកក្នុងការកែនពលរដ្ឋធ្វើកងទ័ព ដោយសារពួកបុរសៗមិនចង់ចាកចេញពីអ្នកដែលខ្លួនស្រឡាញ់ និងគ្រួសាររបស់ពួកគេ។ ដូច្នេះរដ្ឋាភិបាលក៏បានប្រកាសរំសាយចោលនូវការរៀបការ និងពិធីភ្ជាប់ពាក្យទាំងអស់នៅក្នុងទីក្រុងរ៉ូម។
នាគ្រិស្តសករាជ ២៦៩ មានព្រះសង្ឃគ្រិស្តសាសនាមួយអង្គព្រះនាម Saint Valentine បានសហការជាមួយមិត្តរបស់គាត់ Saint Marius បន្តជួយរៀបអាពាហ៍ពិពាហ៍ដល់គូស្នេហ៍វ័យក្មេងជាសម្ងាត់។ ប៉ុន្តែទង្វើទាំងនេះត្រូវបានគេរកឃើញ ហើយលោក Valentine ត្រូវបានចាប់ដាក់ពន្ធនាគារធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ និងត្រូវគេប្រកាសប្រហារជីវិតដោយកាត់កនៅថ្ងៃទី១៤ កុម្ភៈ។
នៅក្នុងពន្ធនាគារ លោក Valentine បានលួចស្រឡាញ់នារីវ័យក្មេងម្នាក់ ដែលគេជឿថា ជាកូនស្រីរបស់ឆ្មាំគុក ដោយសារនាងឧស្សាហ៍ចេញចូល សួរសុខទុក្ខ និងគាំទ្រគាត់។ មុនពេល គេនាំគាត់ទៅប្រហារជីវិតនៅថ្ងៃទី១៤ កុម្ភៈ លោក Valentine បានសរសេរសំបុត្រយ៉ាងខ្លីមួយផ្ញើរទៅនាងដើម្បីបញ្ជាក់ពីមិត្តភាព និងភាពស្មោះត្រង់របស់គាត់ចំពោះនាងដោយមានចុះហត្ថលេខាថា «ពី Valentine របស់អ្នក» ។
ចាប់តាំងពីពេលនោះមក នៅរៀងរាល់ថ្ងៃទី១៤ កុម្ភៈ គេឃើញមានការរៀបចំ ទិវានៃក្តីស្រឡាញ់ នេះ ដោយមានភ្ជាប់មកជាមួយនូវវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក មានផ្កាកុលាប និងស្ករគ្រាប់ជាដើមដើម្បីបង្ហាញពីការគោរពស្រឡាញ់រាប់អាន និងដឹងគុណដល់លោក Valentine។
សហរដ្ឋអាមេរិក និងបណ្តាប្រទេសតំបន់អឺរ៉ុប នៅសតវត្សទី១៩ ទម្លាប់ប់ជូនបណ្ណជូនពរនៅថ្ងៃនៃសេចក្ដីស្រលាញ់ ត្រូវបានគេនិយមចូលចិត្ត។ គេបានរចនាបណ្ណទាំងនោះ ដោយតុបតែងរូបភាពផ្សេងៗដូចជា រូបបេះដូង រឺរូបភាពផ្កាជាដើម។ ក្រៅពីនេះ គេក៏បានសរសេរកំណាព្យ ឬពាក្យពេចន៍ដែលបញ្ជាក់ពីអារម្មណ៍ និងសេចក្ដីស្នេហាដែលគេមានចំពោះអ្នកទទួល។ សព្វថ្ងៃនេះ គំនិតជូនបណ្ណជូនពរនេះនៅតែត្រូវបានគេប្រើប្រាស់នៅឡើយ ប៉ុន្តែការចូលរួមមិនមែនសម្រាប់ជាតំណាងនៃទិវាបុណ្យសង្សារនោះទេ៕