កោះកុង ៖ ព្រលានយន្តហោះទី២ ក្នុងតំបន់ថ្មី នៅក្នុងខេត្តកោះកុង គ្រោងស្ថាបនាឡើងមួយទៀត ខណៈព្រលានយន្តហោះថ្មីមួយផ្សេងទៀត បានសាងសង់រួចរាល់ហើយ គ្រោងដាក់ដំណើរការនៅចុងឆ្នាំនេះ ដើម្បីពង្រីកវិស័យដឹកជញ្ជូន តាមផ្លូវអាកាសឱ្យកាន់តែប្រសើរឡើង ក្នុងបំណងជួយជំរុញកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានមានប្រសាសន៍ថា ព្រលានយន្ដហោះថ្មីមួយទៀតនៅខេត្តកោះកុង ដែលនឹងត្រៀមលេចចេញជារូបរាងក្នុងពេលខាងមុខ គឺស្ថិតក្រោមគម្រោងវិនិយោគ របស់វិស័យឯកជនដែលទទួលបាន ការយល់ព្រមពីរាជរដ្ឋាភិបាល។ លោកបន្តថា គម្រោងវិនិយោគសាងសង់ព្រលានយន្តហោះនេះ គឺស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមកិច្ចសហការរួមគ្នា រវាងក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន Bangkok Airway របស់ថៃ ដែលនឹងចំណាយទឹកប្រាក់ប្រមាណជា ៤០លានដុល្លារអាមេរិក លើផ្ទៃដីទំហំប្រមាណ ៥០០ហិកតា។
« យើងមានគម្រោងព្រលានយន្តហោះថ្មីមួយទៀតគឺស្ថិតនៅក្នុងចន្លោះរវាងទួលគគីរ និងឃុំតាតៃ នៅក្នុងស្រុក មណ្ឌលសីមា ហើយនឹងស្រុកកោះកុង ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនបាងកកអ៊ែរវេ និងក្រុមហ៊ុនក្នុងស្រុក ហើយរាជរដ្ឋាភិបាលបានផ្ដល់ផ្ទៃដីប្រហែលជា ៥០០ហិកតា សម្រាប់ការវិនិយោគទៅលើព្រលានយន្តហោះនេះ ដែលឥឡូវនេះ ខាងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល ក៏ដូចជាក្រុមហ៊ុនវិនិយោគ បាន និងកំពុងសិក្សារៀបចំទីតាំងចាក់ស្តែងតែម្ដង »។
សូមបញ្ជាក់ថា ក្រៅពីគម្រោងសាងសង់ព្រលានយន្ដហោះថ្មីមួយនេះ ក៏មានព្រលានយន្តហោះខ្នាតអន្តរជាតិមួយទៀត ស្ថិតនៅទិសនិរតីនៃប្រទេស ក្នុងខេត្តកោះកុង ដែលបច្ចុប្បន្ននេះសាងសង់ជិតរួចរាល់ហើយៗ គ្រោងនឹងសាកល្បង ហោះហើរនៅចុងឆ្នាំ២០២១នេះ។
គម្រោងសាងសាង់ព្រលានយន្តហោះទំាង ២កន្លែងនៅក្នុងខេត្តកោះកុង នឹងធ្វើឱ្យខេត្តនេះ មានសក្តានុពលខ្លំាងឡើង ក្នុងការទទួលភ្ញៀវទេសចរនិងការវិនិយោគកាន់តែច្រើន ៕