ភ្នំពេញ ៖ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាហៅកាត់ថា EuroCham Cambodia បានបានប្រកាសបើកការប្រកួតពានរង្វាន់ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនរាល់២ឆ្នាំម្តងរបស់ខ្លួន ក្រោមឈ្មោះថាកម្មវិធីប្រកួត និងពានរង្វាន់ទំនួលខុសត្រូវសង្គម “CSR” ប្រចាំឆ្នាំ ២០២១។ លោក សុខ ចិន្តាសោភា លើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យមឲ្យចូលរួមក្នុងកម្មវិធីនេះឲ្យបានច្រើន។
លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា មានប្រសាសន៏ថា កម្មវិធីប្រកួតប្រជែងនៅឆ្នាំនេះ បានទទួលគ្រប់ធុរកិច្ចកម្ពុជា និងធុរកិច្ចបរទេសណា ដែលសមស្របនឹងលក្ខខណ្ឌជាក់លាក់របស់កម្មវិធី ដោយភ្ជាប់នឹងលក្ខខណ្ឌ រួមមានធុរកិច្ចដែលកំពុងមានវត្តមាន នៅក្នុងប្រទេសកម្ពុជា និងមានការប្តេជ្ញាចិត្តយ៉ាងមុះមុតចំពោះកម្មវិធីទំនួលខុសត្រូវសង្គម។
សភាពាណិជ្ជកម្មអឺរ៉ុប លើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យមឲ្យចូលរួមក្នុងកម្មវិធីនេះ ដែលពួកគេនឹងធ្វើការប្រកួតប្រជែងក្នុងជំពូកសម្រាប់តែសហគ្រាសធុនតូច និងមធ្យមតែប៉ុណ្ណោះ ខុសពីការប្រកួតរៀបចំសម្រាប់សហគ្រាសធំៗ។ លោកTassilo បញ្ជាក់ថា តាមរយៈគំនិតផ្តួចផ្តើមនេះ សភាពាណិជ្ជកម្មអឺរ៉ុបកំពុងជួយជំរុញអ្នកច្នៃប្រឌិតជំនាន់ក្រោយតាមរយៈការបង្កើតទំនាក់ទំនងជាមួយអ្នកដឹកនាំតាមវិស័យនាពេលបច្ចុប្បន្ន។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុម ប្រឹក្សាអភិវឌ្ឍកម្ពុជា បានមានប្រសាសន៏ថា ការចូលរួមរបស់ក្រុមហ៊ុន សហគ្រាសធន់តូច និងមធ្យមក្នុងស្រុក នៅមានកម្រិតតិចតួចណាស់ ដូច្នោះលោក ជំរុញលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យមឲ្យចូលរួមក្នុងកម្មវិធីនេះ ឲ្យបានកាន់តែច្រើន ដើម្បីជាប្រយោជន៏សម្រាប់ការវិនិយោគនៅកម្ពុជា។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុម ប្រឹក្សាអភិវឌ្ឍកម្ពុជា។
សូមជម្រាបថា កម្មវិធីប្រកួតប្រជែង និងពានរង្វាន់ ទំនួលខុសត្រូវសង្គម CSR ផ្តល់ជូននូវឱកាសពិសេស សម្រាប់វិស័យឯកជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ហាញពីការខិតខំប្រឹងប្រែង និងដំណោះស្រាយទំនួលខុសត្រូវសង្គម ដើម្បីក្លាយជាផ្នែកមួយនៃវេទិកាដែលជំរុញឲ្យមានការច្នៃប្រឌិតនិងជួយអាជីវកម្មក្នុងការកសាងជំហរ និងជំនះឧបសគ្គ។ ការប្រកួតនេះត្រូវបានបើកទូលាយ សម្រាប់អាជីវកម្មនៅកម្ពុជា និងក្រុមហ៊ុនទាំងឡាយដែលបានប្តេជ្ញាចិត្តក្នុងកម្មវិធីទំនួលខុសត្រូវសង្គម ហើយមិនបានការតម្រូវឲ្យចុះឈ្មោះតាមរយៈសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) នោះទេ។ ការចុះឈ្មោះចូលរួមប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០២១ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១៕