សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវសារជាថ្មីម្ដងទៀតដល់អ្នកសារព័ត៌មាននៅក្នុងស្ថាប័នវិទ្យុផ្សាយសំឡេង ក៏ដូចជាបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ យកចិត្តទុកដាក់អនុវត្តន៍ឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈក្នុងការបំពេញភារកិច្ចរបស់ខ្លួន ចៀសវាងការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ដោយពុំបានគិតអំពីក្បួនខ្នាតវិជ្ជាជីវៈ និងខ្វះការទទួលខុសត្រូវ ដែលអាចបង្កឱ្យមានឱ្យមានភាពច្របូកច្របល់នៅក្នុងសង្គម និងប៉ះពាល់ដល់ទំនាក់ទំនងល្អជាមួយគ្នា និងស្នើឱ្យអ្នកសារព័ត៌មានទាំងអស់បន្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងព័ត៌មានក្លែងក្លាយឱ្យបានសកម្មថែមទៀត ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដែលជាបំណងប្រាថ្នារបសើមនុស្សជាតិនៅទូទាំងសកលលោក។
យោងតាមសារលិខិតក្នុងឱកាស ទិវាវិទ្យុពិភពលោក លើកទី១០ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមប្រធានបទ«នវានុវត្តន៍នៃវិទ្យុផ្សាយសំឡេងស្របតាមការវិវត្តនៃពិភពលោក» សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់យោបល់ឱ្យបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដែលកំពុងបំពេញការងារលើវិស័យព័ត៌មាននៅទូទាំងសកលលោក ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដោយចូលរួមជាមួយរាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ច ផ្សព្វផ្សាយវិធានការសុវត្ថិភាពប្រឆាំងនឹងការរីរាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែសកម្មថែមទៀត ដើម្បីការពារអាយុជីវិត និងសេចក្ដីសុខសាន្តរបស់ប្រជាជននៅទូទាំងសកលលោក រហូតដល់ជំងឺដ៏កាចសាហាវនេះត្រូវបានរលាយបាត់ពីផែនដីរបស់យើង។
សម្ដេចតេជោប្រមុខរាជដ្ឋាភិបាល ក៏បានស្នើឱ្យអ្នកសារព័ត៌មានទាំងអស់ បង្កើននូវកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកចំណេះដឹង និងផ្លាស់ប្ដូរបទពិសោធន៍ការងារ ដើម្បីបង្កើនសមត្ថភាពយល់ដឹង ដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើបនាពេលបច្ចុប្បន្ន និងបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលបំពុលបរិយាកាសសង្គម បង្កអសន្តិសុខ និងធ្វើឱ្យកើតមានអរិភាព ដែលធ្វើឱ្យមានការប៉ះពាល់ដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅលើសកលលោក៕