ថ្ងៃនេះ នៅកម្ពុជា មិនមានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីទេ ខណៈអ្នកជំងឺ៣នាក់ជាសះស្បើយ និងកំពុងបន្តព្យាបាល១៨នាក់

ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺ៣នាក់ បានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងអ្នកជំងឺចំនួន ១៣នាក់កំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

អ្នកជាសះស្បើយទាំង៣នាក់រួមមាន ៖
១៖ បុរសជនជាតិឥណ្ឌូណេស៊ី អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។

២៖ បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។

សូមកត់សម្គាល់ថា៖ បុគ្គលទាំង ០២នាក់ ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយដោយទទួល បានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិ កម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

៣៖ បុរសជនជាតិនីហ្សេរីយ៉ា អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ បុរសរូបនេះត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៧៩នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤៦៦នាក់ និងអ្នកជំងឺ១៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕