ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នឹងទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩លើកដំបូង និងមុនគេនៅកម្ពុជា ដែលរៀបចំធ្វើនៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន ៦០ម៉ឺនដូស ក្នុងដំណាក់ កាលទី១ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងចំណោម ១លានដូល ដែលនឹងមកដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ។
ក្នុងសារជាសំឡេងដែលត្រូវបានផ្សព្វផ្សាយ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ “ខ្ញុំបានទទួលដំណឹងពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន នឹងមកដល់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១”។ សម្ដេចតេជោថ្លែងបន្ដថា ដូចការប្រកាសរបស់សម្ដេចកន្លងទៅហើយថា ពេលវ៉ាក់សាំងពេលមកដល់ សម្ដេចនឹងទៅទទួល។
សម្ដេចបញ្ជាក់ថា ៖ “ឥឡូវនេះ ត្រូវរៀបចំការទទួលវ៉ាក់សាំងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលមានវត្តមានរបស់ខ្ញុំ និងមានលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សម្ដេចពិជ័យសេនា ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏នឹងចូលរួម។ ដូច្នេះត្រូវរៀបចំពិធីទទួលនៅទីនោះ ហើយអាចនឹងមានសុន្ទរកថា ខ្លីមួយរវាងភាគីទាំងសងខាង”។ សម្ដេចតេជោ ក៏បានជំរុញឱ្យក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩ រៀបចំកិច្ចការងារនេះ។
សម្ដេចតេជោបន្ថែមថា ៖ « បន្ទាប់ពីបានទទួលវ៉ាក់សាំងហើយ គឺគណៈកម្មការវ៉ាក់សាំង ត្រូវធ្វើនីតិវិធីដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងស៊ីណូហ្វាម ដូចប្រទេសនានា ដែលគេអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង ស៊ីណូ ហ្វាមនេះដែរ ហើយកំណត់យកតែម្ដង គឺថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចំថ្ងៃពុធ មុនចូល ឆ្នាំចិន ដើម្បីធ្វើពិធីចាក់វ៉ាក់សាំងដំបូង ដោយមានការផ្សាយបន្តផ្ទាល់ និងសន្និសីទកាសែត របស់នាយករដ្ឋមន្ត្រីតែម្ដង។
សម្ដេចតេជោលើកឡើងថា ៖ “ខ្ញុំមិនអាចត្រូវរង់ចាំថា ឱ្យក្រុមគ្រូពេទ្យរបស់យើងទទួលវ៉ាក់សាំងមុនសិននោះទេ ព្រោះមុនក្រោយគង់តែទទួលវ៉ាក់សាំងដូចគ្នា។ ដូច្នេះខ្ញុំនឹងទទួលវ៉ាសាំងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត។ ក្រៅពីខ្ញុំ យើង អាចចុះឈ្មោះនៅមន្ត្រីជាន់ខ្ពស់របស់យើងមួយចំនួន ក្នុងការិយាល័យនយោបាយ ក្នុងរាជរដ្ឋាភិបាល ថាតើប៉ុន្មាននាក់ត្រូវចាក់នៅកន្លែងនោះ គឺមិនត្រូវរង់ចាំទេ។ ដូចដែលខ្ញុំបានបញ្ជាក់ហើយថា នេះវាជាទំនិញយុទ្ធសាស្ត្រ ហើយវាបានក្លាយជាបញ្ហានយោបាយក្នុងស្រុកផង នយោបាយក្រៅប្រទេសផង។ ដូច្នេះយើងត្រូវប្ដូរផ្ដាច់ធ្វើការងារនេះឱ្យបាន ដោយដណ្ដើមពេលវេលា។” សម្ដេចតេជោបានបន្ថែមទៀតថា លទ្ធភាពដែលថាកម្ពុជាទទួលបានវ៉ាក់សាំងទីបី បន្ទាប់ពីប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ហើយមកដល់កម្ពុជា គឺមេដឹកនាំប្រទេសទាំងបីនេះទទួលបានមុនគេ។ សម្ដេចតេជោបានឱ្យដឹងដែរថា គ្រូពេទ្យដែលត្រូវចាក់វ៉ាក់សាំងឱ្យសម្ដេចគឺអាចនឹងចាក់វ៉ាក់សាំងឱ្យអ្នកដទៃទៀតបាន នៅក្នុងដំណើរការនៃការចាក់វ៉ាក់សាំងលើកដំបូងនេះ។ ដូច្នេះសូមត្រៀមរៀបចំឱ្យគ្រប់លក្ខណៈសម្បត្តិទាំងអស់ ហើយអ្នកដែលត្រូវទទួលបន្ទុកចាក់វ៉ាក់សាំងឱ្យមេដឹកនាំរបស់យើង ត្រូវហ្វឹកហាត់។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា “វាមិនជាការលំបាកអ្វីនោះទេ ព្រោះប្រទេសរបស់យើង ធ្លាប់បានចាក់វ៉ាក់សាំងឱ្យកុមាររាប់លាននាក់ទៅហើយ តែត្រូវរៀនសូតពីក្រុមគ្រូពេទ្យចិនដែលមកជួយហ្វឹកហាត់ ពីបទពិសោធន៍នានាក្រោយការចាក់វ៉ាក់សាំង”។
គួររម្លឹកថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្ដិកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្ដិកម្មទឹកស្អាតចម្ការមន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ១០លាននាក់ ដោយមិនគិតថ្លៃ និងដោយស្ម័គ្រចិត្ត ដោយបុគ្គលម្នាក់ត្រូវចាក់ចំនួនពីរដង។ ក្នុងចំណោមវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅក្នុងផែនការរបស់កម្ពុជាទាំង ២០លានដូសនេះ ក៏មានជំនួយ១១លានដូសផងដែរ៕