ក្រសួងសុខាភិបាលប្រកាសឱ្យប្រើវ៉ាក់សាំង Sinopharm ជាផ្លូវការ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។

យោងតាមសេចក្តីប្រកាសអនុញ្ញាតរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងសម្រេចអនុញ្ញាតឱ្យប្រើវ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijng Institute ot Biological Products Co., Ltd. របស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorisaton) ដោយអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការ ចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល។

សូមរម្លឹកថា វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ចំនួន ៦០ម៉ឺនដូស (Sinopharm) ជំហានដំបូង ក្នុងចំនួន ១ លានដូស ដែលជាជំនួយរបស់ប្រទេសចិន នឹងដឹកជញ្ជូនមកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

តាមការគ្រោងទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុនគេ ដោយសម្តេចតេជោបានកំណត់យកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រៅពីនោះ ក៏នឹងមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនទៀត ចាក់វ៉ាក់សាំងនេះដែរ៕