ប្រទះឃើញឆ្អឹងទ័ពម៉ារីនក្នុងនាវាចម្បាំងលិចនាសម័យសង្គ្រាមនៅទន្លេខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រុមជំនាញក្នុងប្រតិបត្តិការបានប្រទះឃើញឆ្អឹងមនុស្សដែលគេសន្និដ្ឋានថាជារបស់កងទ័ពម៉ារីនខ្មែរម្នាក់ខាងភាគីលោកសេនាប្រមុខ លន់ ណុល នៃរបបសាធារណរដ្ឋខ្មែរ រួមទាំងគ្រាប់ភ្លើងរាប់តោនដែលជាប់ក្នុងនាវាចម្បាំងលិចក្នុងសម័យសង្គ្រាមនៅបាតទន្លេមេគង្គ ជម្រៅ១៩ម៉ែត្រក្នុងភូមិសាស្ត្រភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ការប្រទះឃើញនេះ ស្ថិតក្នុងអំឡុងប្រតិបត្តិការរុករកចាប់ពីខែតុលា ឆ្នាំ២០២០ មកដល់ចុងខែមករា ឆ្នាំ២០២១។

ផ្អែកតាមស្លាកបន្ទះលោហធាតុមួយសន្លឹក អាចឱ្យគេដឹងថា ជាអដ្ឋិធាតុរបស់ទាហានម្នាក់ឈ្មោះ ឈឹម ឈាងលី (សរសេរជាអក្សរឡាតាំង)។ ការរកឃើញក្នុងប្រតិបត្តិការនោះរួមមាន ៖ ឆ្អឹងភ្លៅ១ មួកដែក១ ផ្លាកលោហធាតុសម្គាល់ឈ្មោះ១ កាំភ្លើង AK ១ដើម កាំបិតយោធា ១ និងគ្រាប់កាំភ្លើងជាង ៦តោន។ នេះបើតាម លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC)។

គួរជម្រាបថា ប្រតិបត្តិការរុករកធ្វើឡើងក្រោយពេលសាឡង់បូមខ្សាច់ បានបូមជាប់គ្រាប់កាំភ្លើងក្នុងទុយោទើបបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ច។

លោក នាង ផាត បានបញ្ជាក់ថា រហូត​មក​ទល់​ពេលនេះ ​ដំណើរការ​ប្រតិបត្តិការ​បាន​រុក​រកឃើញ​ទីតាំង​នាវា​លិច ហើយ​កំពុង​ប្រតិបត្តិការ​បូម​ខ្សាច់​បណ្តើរ រុករក​ស្រង់​យក​គ្រាប់​ពី​នាវា​បណ្ដើរ ព្រមទាំង​ស្តារ​ស្រង់​​យក​គល់ឈើ និង​គល់​ឫស្សី​​ដែល​ជាប់គាំង​ជុំវិញ​នាវានារាំងស្ទះ​ដល់​ប្រតិបត្តិការ​ស្រង់​យក​គ្រាប់​ចេញពី​នាវា​នោះ​។

លោក​ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការ​កង​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅក្រោម​ទឹក​បាន​ឱ្ឱ្យដឹង​ថា ក្រុមមន្ត្រី​ជំនាញ​កំកំពុងតែព្យាយាមចូល​យក​គ្រាប់​មិនទាន់​ផ្ទុះ​ពី​នាវាចម្បាំង​ដែល​លិច​ក្នុង​ទន្លេ​កាលពី​សម័យ​សង្គ្រាម​។ ​នាវា​លិច​នេះ មាន​ចំនួន​២គ្រឿង ​គឺ​១ ​មាន​ទំហំ​តូច និនិងមួយទៀត​ទំហំ​ធំ ដែល​មាន​គ្រាប់​ប្រមាណ​ពី​ ១០០ ​ទៅ​ ២០០តោន ប៉ុន្តែ​នាវា​តូច​ត្រូវបាន​ពលរដ្ឋ​ពុះ​ច្រៀក​លក់​អេតចាយ បន្សល់​តែ​គ្រាប់​នៅ​រាយប៉ាយ​។

លោក​ថ្លែងថា ​៖ «​ចំពោះ​ការចុះ​ទៅយក​គ្រាប់​នេះ មាន​ការលំបាក និង​គ្រោះថ្នាក់​យ៉ាងខ្លាំង​ដែល​ទាមទារ​ឱ្យមាន​សម្ភារ​ទំនើប និង​ជំនាញ​ពិតប្រាកដ បើ​មិន​ដូច្នោះ​វា​ប្រឈម​នឹង​គ្រោះថ្នាក់​។ ​យើង​គ្រោះថ្នាក់​​ច្រើនណាស់ ព្រោះ​ទឹក​មាន​ជម្រៅ​ប្រមាណ​ ៣០​ម៉ែត្រ គ្រាប់​​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​វត្ថុរារាំង ដែល​ជា​វត្ថុ​ផ្ទុះ​ដែល​ត្រូវ​បាន​ផ្សំ និង​ផលិតឡើង ហើយ​មកដល់​បច្ចុប្បន្ន​នេះ វា​មាន​ប្រតិកម្ម​ខ្លាំង នៅពេល​យើង​ប៉ះពាល់​វា​នឹង​អាច​នាំឱ្យ​កើត​ដំបៅ និង​រមាស់​ជាដើម »​។

លោក​បន្តថា ​៖ ក្រៅពីនេះ ក៏​មាន​គល់ឈើ​ធំៗ និង​ខ្សាច់​ដែល​ហូរ​ជាប់​នឹង​កប៉ាល់​ដែល​ធ្វើឱ្យ​លំបាក​ក្នុង​ការយក​គ្រាប់ និង​កប៉ាល់​ចេញ​ពី​ក្នុង​ទឹក​»​។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​កាល​ពីថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំមុន បាន​​ចេញ​សេចក្តី​សម្រេច​មួយ​ ដើម្បី​សិក្សា​ស្រាវជ្រាវ​លម្អិតស្តីពី​ប្រវត្តិ​សង្គ្រាម​នៅ​តំបន់​នោះ មូលហេតុ​នៃ​ការលិច​នាវា ការគំរាមកំហែង​ដោយ​គ្រាប់​មិនទាន់​ផ្ទុះ និង​បញ្ហា​ផ្សេងៗ​នៅ​ភូមិសាស្ត្រ ឃុំ​មានជ័យ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ដែល​​ជា​ទីតាំង​មាន​នាវាចម្បាំង​លិច​ និង​បន្សល់ទុក​គ្រាប់​យុទ្ធភណ្ដ​មិន​ទាន់​ពី​អំឡុង​សង្គ្រាម​ឆ្នាំ​១៩៧០-១៩៧៥៕