ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ គឺជាបុរសជនជាតិខ្មែរមានអាសយដ្ឋាននៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរមកពីប្រទេសគុយវ៉ែត បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ចំណែកអ្នកដំណើរក្នុងយន្តហោះ ជាមួយអ្នកជំងឺនេះ ចំនួន ៤០នាក់ ត្រូវបានឲ្យធ្វើចត្តាឡីស័ក នៅសណ្ឋាគារចំនួនកន្លែង៣ នៅរាជធានីភ្នំពេញ។
គួរជម្រាបថា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ នេះ ពីករណីជាសះស្បើយ ចំនួន ៤នាក់ ដែលជាពលករ ធ្វើដំណើរមកពីប្រទេសថៃ។ ពលករ ដែលមានស្រុកកំណើតនៅខេត្តសៀមរាប និងនៅខេត្តបន្ទាយមានជ័យទាំង ៤នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ហើយ។
ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទូទាំងប្រទេស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៦៧នាក់។ ក្នុងនោះ ជាសះស្បើយ ៤៥១នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៦នាក់៕