រដ្ឋបាលខេត្តព្រះសីហនុជំរុញឱ្យពន្លឿនការស្ថាបនាផ្លូវ៣៤ខ្សែដើម្បីដាក់ឲ្យប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

ខេត្តព្រះសីហនុ ៖ ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគម្រោងរបស់ក្រុមហ៊ុនកសាងផ្លូវ ៣៤ខ្សែក្នុងខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនស្ថាបនាផ្លូវ ក្រុមហ៊ុនអ៊ុតបេទីម ក្រុមហ៊ុនបំពាក់កាំម៉េរ៉ាសុវត្តិភាព ក្រុមហ៊ុនបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ក្រុមហ៊ុនគូសគំនូសចរាចរណ៍ ក្រុមហ៊ុនបំពាក់ភ្លើងចរាចរណ៍ និងក្រុមហ៊ុនដាំដើមឈើ ផងដែរ។

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានជំរុញឱ្យក្រុមហ៊ុននីមួយៗបង្កើនការងារឱ្យបានទ្វេដង ដើម្បីធ្វើយ៉ាងណាឱ្យការងារដែលនៅសេសសល់ត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២១ខាងមុខ ដើម្បីរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងខែមេសា ឆ្នាំ២០២១ ៕