ភ្នំពេញ ៖ ថ្លែងក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២១ នេះ លោកស្រី ស៊ូវណ្ណា ហ្គោនទ្បែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wild Aid) បានមានប្រសាសន៏ថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានរួមសហការគ្នាជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដើម្បីថែរក្សាព្រៃឈើ និងសត្វព្រៃនៅស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ អស់រយៈពេលជាង១២ឆ្នាំមកហើយ ដោយសម្រេចបានលទ្ឋផលគួរជាទីមោទនៈ ។
លោកស្រីនាយិកា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដែលបានគាំទ្រដល់ ប្រតិបត្តិការរបស់ អង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅកម្ពុជា ដើម្បីការពារ និងអភិរក្ស ព្រៃឈើ និងសត្វព្រៃ។ លោកស្រី ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក្រសួង ស្ថាប័នពាក់ព័ន្ឋ និងរដ្ឋបាលព្រៃឈើបន្តកិច្ចសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ដើម្បីថែរក្សាព្រៃឲ្យបានគង់វង្ស និងជាជម្រកដល់សត្វព្រៃគ្រប់ប្រភេទ ព្រមទាំងផ្តល់នូវប្រភពទឹក និងបរិស្ថានបៃតងសម្រាប់មនុស្សជាតិ រួមទាំងតម្លៃនៃវប្បធម៌ និងព្រះពុទ្ឋសាសនា សម្រាប់កូនចៅជំនាន់ក្រោយ។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានមានប្រសាសន៏ថា ៖ « ឈរលើ គោល ការណ៍អភិវឌ្ឍប្រកបដោយចីរភាព ជា មូលដ្ឋាន តាមគោលដៅ យុទ្ធសាស្រ្ត អភិវឌ្ឍបៃតង ពោលគឺធ្វើការអភិរក្ស ធន ធានធម្មជាតិ សម្រាប់ការអភិវឌ្ឍន៍ និងធ្វើការអភិវឌ្ឍន៍ ដើម្បី មានកំលាំងសម្រាប់អភិរក្ស។ ដូច្នេះការចូលរួមរបស់ អង្គការសម្ព័ន្ធ មិត្តសត្វព្រៃ គឺជាការរួមវិភាគទានមួយដ៏មានតម្លៃជាមួយនឹងរាជរដ្ឋាភិបាល ក្នុងទប់ស្កាត់ ផល ប៉ះ ពាល់ បរិស្ថាន និង ការ អភិរក្សសត្វព្រៃ និងព្រៃឈើ ពិសេសរក្សាបាននូវធនធានធម្មជាតិ សម្រាប់រាជ រដ្ឋាភិ បាល ធ្វើការអភិវឌ្ឍ សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងរក្សាព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិដ៏ទៃទៀតសម្រាប់ក្មេងជំនាន់ក្រោយ»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សម្តែងការគាំទ្រដល់គម្រោងនានារបស់អង្គការសម្ព័នមិត្តសត្វព្រៃនៅតំបន់ជួរភ្នំក្រវាញ ដោយត្រូវសហការជាមួយក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ឋ និងអាជ្ញាធរដែនដី ដើម្បីបន្តថែរក្សាព្រៃឈើនៅប្រទេសកម្ពុជាឲ្យបានគង់វង្ស ដោយមិនផ្តល់ដីក្នុងតំបន់ការពារ និងអភិរក្សាព្រៃឈើ ទៅឲ្យក្រុមហ៊ុនវិនិយោគណាមួយឡើយ៕