សម្តេច ស ខេង: ថវិកាលើកទឹកចិត្ត ចំពោះនគរបាលដែលផាកពិន័យ ត្រូវបើកតាមរយៈធនាគារ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា ថវិកាលើកចិត្តចំពោះនគរបាលដែលផាកពិន័យ ពីអ្នកមិនគោរពច្បាប់ចរាចរណ៍ គឺបើកតាមរយៈធនាគារ ប៉ុន្ដែបើនគរបាលណាមួយមិនទទួលបានថវិកានេះ ត្រូវរាយការណ៍ជូនសម្ដេចភ្លាមៗ ដើម្បីមានវិធានដោះស្រាយជូនពួកគាត់។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ ដែលប្រារព្ធធ្វើនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីម្សិលម៉ិញ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ថវិកាមួយចំនួនដែលបានផាកពិន័យពីច្បាប់ចរាចរណ៍ គឺត្រូវបានផ្ដល់មកឲ្យនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ហើយថវិកាទាំង នោះមិនបើកតាមរយៈអង្គភាពរបស់ខ្លួនឡើយ គឺម្នាក់ៗត្រូវមានគណនីធនាគាររៀងៗខ្លួន។ សម្ដេចក្រឡាហោម ឧទាហរ ណ៍ថា «បើថវិកាមិនដល់នគរបាល យើងអ្នកទទួលខុសត្រូវដដែល»។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ប៉ុន្ដែបើករណីអស់ លោក (នគរបាលចរាចរណ៍) បើកលុយនៅធនាគារមិនបាន ព្រោះលុយក្នុងកុងអត់មាន សូមរាយការណ៍មកខ្ញុំ ហើយខ្ញុំបើកចំហរប្ដឹងមកខ្ញុំ ខ្ញុំនឹងទទួលដោះស្រាយ ប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព»។ បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម ក៏បានរំលឹកថា នាពេលកន្លងមកនៅខេត្តមួយ ចំនួន ក៏មានករណីដូចខាងលើនេះដែរ ប៉ុន្ដែត្រូវបានដោះ ស្រាយជាបន្ដបន្ទាប់៕