ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមបច្ចេកទេសអន្ដរក្រសួង រៀបចំតាក់តែងសេចក្ដី ព្រាងច្បាប់ស្ដីពីអន្ដោប្រវេសន៍ថ្មី បានបន្តដឹកនាំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ យើងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា នៅលើមាត្រា១៤ នៃជំពូកទី០៤ជាបន្តទៀត ដោយកាលពីកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១កន្លងទៅ អង្គប្រជុំបានពិនិត្យ និងពិភាក្សា ដល់មាត្រា១៣ នៃជំពូកទី៣រួចហើយ។
សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជានេះ មានជំពូកចំនួន៩ និងមាត្រាចំនួន៥០ និងមានគោលបំណងគ្រប់គ្រងជនបរទេសគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេសដែលចូល-ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូបដែលចូល- ចេញ ឆ្លងកាត់ និងស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែក្នុងករណីដែលត្រូវអនុវត្តតាមវិធាននៃច្បាប់អន្ដរជាតិដែល ព្រះរាជាណាចក្រកម្ពុជាជាភាគីហត្ថលេខី ទោះបីជាជននោះបានចូលមកតាំងលំនៅមុនពេលដែលច្បាប់ នេះចូលជាធរមានហើយក៏ដោយ៕