ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុន KSWM,Co,Ltd ចំនួន ២០២នាក់ស្ម័គ្រចិត្តបរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនប្រមូលសំរាម ខេអេសដាប់ប៊ែលយូអិម (KSWM,Co,Ltd) ចំនួន ២០២នាក់ បានស្ម័គ្រចិត្ត ចូលរួមបរិច្ចាគឈាម ជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលខេត្ត លោក អ៊ីសុខឡេង អភិបាលក្រុងមន្ទីរអង្គភាពនិងបងប្អូនកម្មករ កម្មការិនី បានប្រារព្ធធ្វើនៅ សាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បានកោតសរសើរដល់ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ខេអេសដាប់ប៊ែលយូអិម (KSWM,Co,Ltd) ជាក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុងព្រះសីហនុ ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតប្រជា ពលរដ្ឋក្នុងករណីចាំបាច់ដែលត្រូវការឈាម ជាការរួមចំណែកដ៍ធំធេងក្នុងការជួយសង្គ្រោះជីវិតមនុស្ស ហើយការចូលរួមបរិច្ចាគឈាមនេះ ជាកុសលមួយធំធេងចំពោះមនុស្សជាតិ ម្យ៉ាងការបរិច្ចាគឈាម អនុវត្តតាមវិធានសុខាភិបាល ។ តាមស្មារតីរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន បានឆ្លុះ បញ្ចាំងការងារមនុស្សធម៌ក្នុងសង្គមប្រកបដោយស្ម័គ្រចិត្ត ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត អភិបាលក្រុងនិងមន្ទីរអង្គភាពក៏បានចូលរួមបរិច្ចាគឈាមជាមួយនឹងថ្នាក់ដឹកនាំ បុគ្គលិកនៃក្រុមហ៊ុន kswm ផងដែរ។

ហើយ ឯកឧត្ដម អភិបាលខេត្ត ក៍បានកោតសរសើរចំពោះក្រុមគ្រូពេទ្យ ដែលបានខិតខំបង្ហាត់បង្រៀនក្រុមគ្រូពេទ្យចេះយកសំណាកនិងព្យាបាលបានល្អ ប្រសិន បើយើងមិនចេះរបៀបរបប និងវិធានការព្យាបាល នោះទេក្រុមគ្រូពេទ្យរបស់យើង នឹងធ្វើឲ្យមានផលវិបាកក្នុងការព្យាបាល ព្រោះក្រុមគ្រូពេទ្យដែលបង្ហាត់បង្រៀនទាំងអស់នេះគឺជាយុទ្ធជនជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក ។ ម្យ៉ាងទៀតខេត្តព្រះសីហនុ មានអ្នកជំងឺកូវីដ-១៩ មុនគេក្នុងប្រទេសកម្ពុជា  ដូចនេះមន្ត្រីសុខា ភិបាលត្រូវបន្តហ្វឹកហ្វឺនបន្តទៀត ដើម្បីត្រៀមបង្ការករណីទប់ស្កាត់ការឆ្លងដល់សហ គមន៍ ។

លោក ដេវីដ ប្រធានក្រុម ហ៊ុន ខេអេសដាប់ប៊ែលយូអិម KSWM,Co,Ltd) ឱ្យដឹងថា ថ្ងៃនេះមានថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន បានចូលរួម បរិច្ចាកឈាមដោយស្ម័គ្រចិត្ត ចំនួន ១៨០នាក់ និងបុគ្គលិកក្រុមហ៊ុន KB Hotel ២២នាក់ ទាំងអស់នេះគឺជាស្មារតីចូលរួមការងារមនុស្សធម៌ដោយបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យបង្អែកខេត្តដើម្បីទុកប្រើប្រាស់នៅពេលដែលបងប្អូនប្រជាពលរដ្ឋជួបគ្រោះថ្នាក់ផ្សេងៗត្រូវការឈាមសង្គ្រោះអាយុជីវិត។

ក្នុងនោះដែរលោក ហេងប៉េងហាក់ប្រធានសាខាក្រុមហ៊ុន kswm ខេត្តព្រះសីហនុ តំណាងឲ្យកម្មករដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តលោកក៏បានលើកឡើងថា៖ការងារមនុស្សធម៌បរិច្ចាគឈាម សម្រាប់ជួយសង្គ្រោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋដែលគ្រោះថ្នាក់ផ្សេងត្រូវការឈាមយើងត្រូវចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ព្រោះការបរិច្ចាគឈាមគឺមិនប៉ះពាល់ដល់សុខភាពឡើយ ហើយក្រុមហ៊ុនរបស់លោកនឹងបន្តផ្ដល់ឈាមជូនមន្ទីពេទ្យសម្រាប់ប្រើប្រាស់ជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋជួបគ្រោះថ្នាក់នៅលើកក្រោយក្រោយទៀតផងដែរ៕ ដោយ ៖ មនោរាហ៍