ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា និងឥណ្ឌាបានសម្រេចឯកភាពគ្នានឹងរៀបចំដំណើរការតភ្ជាប់ជើងហោះហើរត្រង់ ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ដើម្បីជំរុញសកម្មភាពទេសចរណ៍ឡើងវិញ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែជិតស្និទ្ធថែមទៀត។
ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយលោកស្រី ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២០ ខែមករា។
គួរបញ្ជាក់ថា កម្ពុជា-ឥណ្ឌាមានទំនាក់ទំនងវប្បធម៌ និងសាសនាជាមួយគ្នាដ៏យូរលង់ ហើយកាលពីមុនកើតមានវិបត្តិជំងឺកូវីដ-១៩ ប្រជាជនកម្ពុជាក៏ចូលចិត្តទៅលេងកម្សាន្តនៅឥណ្ឌា តាមរយៈដំណើរទេសចរណ៍បែបសាសនាច្រើនណាស់ដែរ ដូច្នេះហើយទើបលោករដ្ឋមន្ត្រី ថោង ខុន បានស្នើដល់ស្ថានទូតឥណ្ឌា ក៏ដូចជារដ្ឋាភិបាលឥណ្ឌា ធ្វើយ៉ាងណារៀបចំឱ្យមានខ្សែទស្សនកិច្ចបែបសាសនានេះឡើងវិញ បន្ទាប់ពីចប់វិបត្តិជំងឺកូវីដ-១៩៕