ថវិកាពីសប្បុរសជនចូលរួមទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ បានជាង ៥៧,៣លានដុល្លារ

ភ្នំពេញ ៖ ថវិកាដែលទទួលបានពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ គិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នេះ បានជាង ៥៧,៣លានដុល្លារអាមេរិក ក្នុងនោះមានជាលុយដុល្លារ ៥៤ ៣៤២.០០២ដុល្លារ និងលុយរៀល ១១ ៩១៣ ៨២៦ ៤០០រៀល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបិទបញ្ចប់ហើយចំពោះការទទួលថវិកាពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។

គួរជម្រាបថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក៏មានការចូលរួមបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសាធារណជនគ្រប់ទិសទិស រួមទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងប្រជាពលរដ្ឋទូទៅផងដែរ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានប្រកាសបញ្ឈប់ការទទួលថវិការបស់សប្បុរសជន ក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងបានថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រមទាំងជនរួមជាតិដែលបានប្រោសប្រទានព្រះរាជទ្រព្យ និងបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩៕