ខេត្តសៀមរាប ៖ មន្ត្រីនៃអាជ្ញាធរជាតិអប្សរា មានគម្រោងបង្កើតផ្លូវថ្មី និងរៀបចំចំណតរថយន្តមួយចំនួនទៀត ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលមកទស្សនារមណីយដ្ឋានអង្គរឱ្យមានភាពងាយស្រួល និងមានសណ្តាប់ធ្នាប់ល្អប្រសើរជាងមុន។
អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានដឹកនាំមន្រ្តីជំនាញចុះទៅត្រួតពិនិត្យទីតាំងមួយចំនួន នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីផ្តល់យោបល់បច្ចេកទេស និងដំណោះស្រាយនានាសម្រាប់កិច្ចការអភិរក្ស និងអភិវឌ្ឍន៍។
នៅក្នុងដំណើរការត្រួតពិនិត្យការងារនេះ គណៈប្រតិភូបានចុះពិនិត្យទីតាំងខាងកើតខ្លោងទ្វារជ័យ ដើម្បីរកទីតាំងចំណតថ្មី ចៀសវាងកុំឱ្យរថយន្តដឹកភ្ញៀវទេសចរ ចតនៅមុខប្រាសាទចៅសាយទេវតា និងខាងកើតខ្លោងទ្វារជ័យ។ ក្នុងនោះក៏បានពិភាក្សាលើការបង្កើតផ្លូវថ្មី ដើម្បីឱ្យភ្ញៀវទេសចរអាចដើរកម្សាន្តមកកាន់រហាត់ទឹកនៅក្នុងសួនបណ្តុះកូនឈើ ស្ពានថ្មប្រាសាទតាកែវ ប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទបានងាយស្រួល។ បន្ថែមពីនោះ ក៏ពិនិត្យលទ្ធភាពបង្កើតផ្លូវដើរ ឬផ្លូវកង់ចេញពីខ្លោងទ្វារជ័យទៅខ្លោងទ្វារខ្មោច និងទីតាំងចំណតនៅក្នុងក្រុងអង្គរធំ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតរថយន្តសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ផងដែរ។
លោកអគ្គនាយក និងអ្នកជំនាញគ្រប់នាយកដ្ឋាន ក៏បានចុះទៅពិនិត្យសំណង់អគារសាលាបារាំងចុងបូព៌ា ដែលមានអាយុជាង១០០ឆ្នាំមកហើយ នៅខាងលិចប្រាសាទបាយ័ន្ត ដើម្បីពិនិត្យពីស្ថានភាពសំណង់ និងឱ្យរៀបចំជួសជុលអគារនេះឡើងវិញ សម្រាប់ទុកជាកន្លែងរក្សាទុកដាក់បុរាណវត្ថុផ្សេងៗ ព្រោះកន្លែងនេះ ក៏ជាទីតាំងរក្សាទុក និងជួសជុលបុរាណវត្ថុផងដែរ៕