ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី លើកទី១៧ (17th ACD) តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ស្អែកនេះ ជាមួយនឹងបណ្តារដ្ឋមន្រ្តីការបរទេសនៃរដ្ឋសមាជិកទាំង ៣៥ របស់កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុ បានបញ្ជាក់ថា ក្រោមមូលបទ «ទេសចរណ៍ធម្មតាតាមបែបគន្លងថ្មី មានសុវត្ថិភាព និងសុខភាពល្អ» កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៉ី លើកទី១៧ នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងបញ្ហាប្រឈមនានាដែលបានបង្កដោយសារជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជារិះរកទស្សនវិស័យនានាក្នុងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ដើម្បីផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន ដោយស្របទៅតាមចក្ខុវិស័យនៃកិច្ចប្រជុំ ACD សម្រាប់ឆ្នាំ២០៣០។
កិច្ចប្រជុំ ACD នេះ ត្រូវបានរៀបចំឡើងជាទៀងទាត់ ដែលត្រូវបានបើកកិច្ចប្រជុំជាលើកដំបូងកាលពីខែ មិថុនា ឆ្នាំ២០០២ នៅទីក្រុងឆាអាម ប្រទេសថៃ។ គោលដៅ នៃកិច្ចប្រជុំ ACD គឺជំរុញការពឹងអាស្រ័យគ្នាទៅវិញទៅមកនៅក្នុងបណ្តាប្រទេសអាស៉ី លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ពង្រីកទីផ្សារពាណិជ្ជកម្មនិងហិរញ្ញវត្ថុនៅអាស៉ី លើកកម្ពស់ភាព ប្រកួតប្រជែងសេដ្ឋកិច្ចរបស់អាស៉ីនៅក្នុងទីផ្សារសកល និងការប្រែក្លាយតំបន់អាស៉ីទៅជាសហគមន៍អាស៉ីមួយ ដែលអាចមានទំនាក់ទំនងជាមួយពិភពលោកទាំងមូលកាន់តែមានគោលជំហរស្មើភាពគ្នា និងចូលរួមចំណែកកាន់តែវិជ្ជមានដល់សន្តិភាព និងវិបុលភាពទៅវិញទៅមក។
សូមជម្រាបថា ការចូលរួមកិច្ចប្រជុំខាងលើរបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងតបតាមការអញ្ជើញរបស់លោក ម៉េវលុត ឆាវូស៊ូលុ (Mevlüt Çavuşoğlu) រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋ តួកគី៕