ពាណិជ្ជកម្មរវាងប្រទេសចិន -កូរ៉េខាងជើង បានធ្លាក់ចុះ ៨០ភាគរយ ក្នុងឆ្នាំ២០២០

ចិន ៖ ពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយប្រទេសកូរ៉េខាងជើង បានធ្លាក់ចុះកាលពីឆ្នាំមុននៅពេលទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។

តួលេខគយប្រទេសចិន បង្ហាញថាពាណិជ្ជកម្មជាមួយប្រទេសជិតខាងមួយនេះបានធ្លាក់ចុះជាង ៨០% ។ អាជ្ញាធរគយ និយាយថាការនាំចេញនិងនាំចូល សរុបរវាងប្រទេសទាំងពីរមានតម្លៃ ៥៣៩ លានដុល្លារ។ នោះជាការធ្លាក់ចុះ ៨០,៧% ពីឆ្នាំ ២០១៩ និងទាបបំផុតក្នុងរយៈពេល ២០ ឆ្នាំមកនេះ។

ពាណិជ្ជកម្មបានធ្លាក់ចុះប្រហែល ៩៩ ភាគរយក្នុង រយៈពេល ៣ ខែចុងក្រោយនៃឆ្នាំ២០២០។ ប្រទេសកូរ៉េខាងជើងបានផ្អាកជើងហោះហើរនិងខ្សែរថភ្លើងទៅនិងមកពីប្រទេសចិន ចាប់តាំងពីខែមករាឆ្នាំមុន។ វាហាក់ដូចជាមានការរឹតបន្តឹងការគ្រប់គ្រងបន្ថែមទៀតលើលំហូរទំនិញនិងប្រជាជន កាលពីនៅចុងឆ្នាំ។ នៅក្នុង សមាជគណបក្សនាពេលថ្មីៗនេះ មេដឹកនាំលោកគីម ជុងអ៊ុនបាន និយាយថាផែនការសេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំ បានខកខានមិនបានសំរេចតាមគោលដៅរបស់ខ្លួននៅក្នុង ស្ទើរតែគ្រប់ វិស័យ ។

សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង ហាក់ដូចជាទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិធានការនានាដើម្បីគ្រប់គ្រងជំងឺកូវិត-19 ហើយប្រទេសនេះក៏កំពុងជំនះជាមួយទណ្ឌកម្មអន្តរជាតិជុំវិញកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន៕