កម្ពុជា ៖ មន្រ្តីនៃអង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ (WWF) បានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជា នៅសល់ប្រភេទសត្វក្រពើភ្នំ ដ៏កម្របំផុតនៅលើពិភពលោក ចំនួនប្រមាណ ២០០-៣០០ ក្បាល។ តំបន់ដែលមានវត្តមានសត្វក្រពើភ្នំពេញ គឺស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ ទឹកដីខេត្តកោះកុង និងមួយចំនួនទៀតស្ថិតនៅតាមតំបន់ទន្លេស្រែពក ក្នុងទឹកដីខេត្តមណ្ឌលគិរី។
ក្នុងអំឡុងដំណើរទស្សនកិច្ចសារព័ត៌មានដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅដែលជម្រកសត្វព្រៃស្រែពក កញ្ញា MILOU Groenenbrg ប្រធានផ្នែកតាមដាន និងអ្នកស្រាវជ្រាវជីវចម្រុះនៃអង្គការ WWF បានឱ្យដឹងថានៅដងទន្លេស្រែពក និងភ្នំព្រេច ខេត្តមណ្ឌលគិរីគេបានប្រទះ ឃើញដានវត្តមានសត្វក្រពើភ្នំ។ សត្វក្រពើភ្នំជាប្រភេទសត្វដែលអៀនច្រើន ហេតុនេះគេកម្រឃើញវាដោយផ្ទាល់ភ្នែកណាស់។ ដោយហេតុនេះ ដើម្បីដឹងថា វាពិតជាមានវត្តមាននៅកម្ពុជានោះគេចាំបាច់ត្រូវតាមដានពីដានជើង,រូងរបស់វារស់នៅឬក៏លាមករបស់សត្វប្រភេទនេះជាចាំបាច់។ យ៉ាងណាក្តីសម្រាប់ស្លាកស្នាមនិងអត្តសញ្ញាណ ដែលគេដឹងថា សត្វប្រភេទនេះពិតជាមានវត្តមានពិតឬក៏អត់នោះមានភាពងាយស្រួលដោយសារស្លាកស្នាមរបស់វាមានភាពច្បាស់លាស់និងងាយស្រួលចំណាំផង។ ក្នុងឆ្នាំ២០២១នេះ គេនឹងធ្វើការសិក្សាស្រាវជ្រាវឱ្យបានទូលំទូលាយជាងឆ្នាំកន្លងមក ប្រយោជន៍ដើម្បីអភិរក្សក៏ដូច ជាស្តារនូវពូជសត្វប្រភេទនេះឱ្យកាន់តែមានច្រើននៅកម្ពុជា ។
សូមជម្រាបថា នៅតំបន់ទន្លេស្រែពក ក្នុងទឹកដីខេត្តមណ្ឌលគិរី គឺជាទីកន្លែងល្អនៃជម្រករបស់វា ដោយសារមិនទាន់មានមនុស្សចូលទៅរំខានវាដល់ទីនោះនៅឡើយទេ។ ចំពោះការប្រឈមនៃសត្វក្រពើភ្នំមានដូចជាការប្រមាញ់យកស្បែក ការនេសាទខុសច្បាប់ ការនេសាទដោយខ្សែភ្លើងឆក់ និងការរកពង ក្រពើភ្នំពីសំណាក់ពលរដ្ឋអ្នកស្រុកជាដើម។ ក្រៅពីការ បាត់បង់ទីជម្រកការដែលសត្វក្រពើប្រភេទនេះបង្កាត់ពូជជាមួយសត្វក្រពើដទៃទៀតដែលធ្វើឱ្យពូជរបស់វាលែងសុទ្ធដូចកាលពីមុន។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា សត្វដ៏កម្រដែលប្រឈមនឹងការបាត់បង់ពូជពិសេសសត្វក្រពើភ្នំ និងសត្វស្លាបប្រភេទសត្វ ខ្សឹប សត្វត្រយ៉ងយក្ស សត្វត្មាតនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថានបានរួមសហការជាមួយដៃគូដោយមានវិធានការមួយដែលគេកំពុងធ្វើដើម្បីអភិរក្សក្នុងនោះវិធានការនៃការបង្កាត់ពូជដើម្បីបង្កើនបរិមាណសត្វកម្រនេះ និងលែងចូលធម្មជាតិ ដើម្បីរក្សានូវនិរន្តរភាពនៃវត្តមានសត្វ កម្រដែលជិតផុតទាំងអស់នៅកម្ពុជា។ ក្រសួងបរិស្ថានមើលឃើញពីភាពចាំបាច់ក្នុងកិច្ចការពារសត្វប្រភេទមួយចំនួនដែលជិតផុតពូជ ឬក៏ជាការគំរាមកំមហែងបំផុតនៅលើពិភពលោកក្នុងនេះដូចជាសត្វក្រពើភ្នំដែលសំបូរច្រើននៅក្នុងប្រទេសកម្ពុជា។
លោក សេង ទៀក នាយកអង្គការ WWF បានឱ្យដឹងដែរថា ការប្រឈមមុខបាត់បង់ពូជសត្វក្រពើភ្នំមានច្រើនកត្តា។ ក្នុងនេះដូចជាក្នុងអំឡុងក្នុងឆ្នាំ២០០៣ ដល់ ២០០៥ ប្រជា ពលរដ្ឋបាននាំគ្នាមកប្រមូលពងរបស់វា នៅតាមតំបន់ទន្លេ ស្រែពក ប៉ុន្តែបន្ទាប់ពីតំបន់ទន្លេស្រែពកនេះត្រូវបានគេដាក់បញ្ចូលជាតំបន់អភិរក្សធនធានធម្មជាតិស្នូលមកសកម្ម ភាពនេះបានលុបបំបាត់ទៅវិញ។ លោកថ្លែងដែរថាកាលពី មុនសត្វក្រពើភ្នំនេះមិនត្រូវបានគេចាប់អារម្មណ៍ទេ ប៉ុន្តែទើបតែឆ្នាំ២០១៩ គេបានស្គាល់ពីសត្វប្រភេទនេះជាក់លាក់ ហើយបានធ្វើការសិក្សាស្រាវជ្រាវ និងបានអភិរក្សសត្វប្រភេទកម្រនេះឡើង៕