ភ្នំពេញ ៖ ថ្លែងនៅក្នុងជំនួបពិភាក្សាជាមួយលោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតអាណត្តិថ្មីនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នេះ សម្តេចតេជោ បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពាជំងឺកូវីដ-១៩ ពីប្រទេសឥណ្ឌា។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានបញ្ជាក់នៅក្រោយជំនួបថា « តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចតេជោបានស្នើសុំឱ្យឥណ្ឌា ឧបត្ថម្ភវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ដល់កម្ពុជាយើង ដើម្បីប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
គួរជម្រាបថា ប្រទេសឥណ្ឌា បានផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង ៣០០លាននាក់នៅក្នុងឆ្នាំនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី១៦ ខែមករា កន្លងទៅនេះ លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី (Narendra Modi) បានប្រកាសចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ ជាលើកដំបូង និងទ្រង់ទ្រាយធំជាងគេបំផុតនៅលើពិភពលោក ដោយគ្របដណ្តប់ទូទាំងប្រទេសឥណ្ឌា៕