ភ្នំពេញ ៖ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ២ ២៧,៧៣៦ដុល្លារអាមេរិក សម្រាប់ការដាក់ឲ្យប្រើប្រាស់នូវរថយន្តពន្លត់អគ្គីភ័យ ដែលបំពាក់ដោយកាំជណ្តើរកម្ពស់៤០ ម៉ែត្រចំនួន ១គ្រឿង ដែលនឹងក្លាយជារថយន្តពន្លត់អគ្គីភ័យលើកដំបូងគេ មិនធ្លាប់ដាក់ឲ្យប្រើប្រាស់នៅរាជធានីភ្នំពេញ។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិKUSANONE ជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២១នេះបានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាន និងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុនបាន និងកំពុងអនុវត្តកម្មវិធី KUSANONE នៅកម្ពុជា ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ នៅក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោងជាង៦០០តាមរយៈជំនួយឥតសំណងមួយនេះ ។
ឯកឧត្តមឯកអគ្គរាជទូតបញ្ជាក់ថា ជប៉ុនក៏នឹងផ្គត់ផ្គង់រថយន្តពន្លត់អគ្គីភ័យ ដែលបំពាក់ដោយសារធាតុគីមី ចំនួនមួយគ្រឿង និងឡានទឹកពន្លត់អគ្គីភ័យ ចំនួនពីរគ្រឿង សម្រាប់ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ។ លើសពីនេះទៀត មូលនិធិជំនួយឥតសំណងនេះ នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់កម្មវិធីបណ្តុះបណ្តាលស្តីពីប្រតិបត្តិការ និងការថែរក្សាឧបករណ៍ពន្លត់អគ្គីភ័យនេះ។ កម្មវិធីបណ្តុះបណ្តាលនេះ នឹងជួយអ្នកពន្លត់អគ្គីភ័យជនជាតិខ្មែរឆ្លើយតបចំពោះអគ្គិភ័យនៅក្នុងអគារខ្ពស់ៗ និងឧប្បត្តិហេតុនានា ដែលពាក់ព័ន្ធនឹងវត្ថុធាតុដែលមានគ្រោះថ្នាក់ខ្ពស់ ដោយមានន័យថាពួកគេ នឹងអាចឆ្លើយតបឲ្យបានលឿន និងមានប្រសិទ្ធភាព។ ជំនួយនេះ នឹងជួយលើកកម្ពស់សុវត្ថិភាពនិងជួយការពារទ្រព្យសម្បត្តិរបស់ប្រជាជននៅរាជធានីភ្នំពេញ ក៏ដូចជាភ្ញៀវទេសចរ និងអ្នកដំណើរជំនួញមកពីជុំវិញពិភពលោកផងដែរ។ ស្របពេលដែលកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះត្រូវបានចុះហត្ថលេខា អនុស្សារណៈយោគយល់គ្នា រវាងកងកម្លាំងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ និងក្រុមហ៊ុន Safety Sakura Service Co., Ltd.ត្រូវបានចុះហត្ថលេខាក្នុងគោលបំណងពង្រឹងទំនាក់ទំនង និង សមត្ថភាពបន្ថែមទៀត។
តាមអនុស្សារណៈនេះ រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងពន្លត់អគ្គីភ័យនៃព្រះរាជាណាចក្រកម្ពុជានិងក្រុមហ៊ុនខាងលើ នឹងសហការគ្នាដើម្បីសំរេចបាននូវការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គីភ័យ និងជួយសង្គ្រោះរបស់កងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ។នៅពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននិងកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះក៏មានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ។ ប្រទេសជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ផ្សេងៗរួមទាំងគូសាណូណ៌។
ក្នុងឱកាសនោះ ឃួង ស្រេង បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុនដែលជានិច្ចជាកាលតែងតែជួយជាជំនួយមកកម្ពុជាដោយឥតសំណង ពិសេសនៅរាជធានីភ្នំពេញជប៉ុនបានជួយជំនួយជាច្រើនមិនថា ថវិកានិងបច្ចេកទេសនោះទេ ។ ជាក់ស្តែងជប៉ុនបានជួយលើប្រព័ន្ធការពារទឹកជំនន់ ដែលមកដល់ពេលនេះ បានឈានដល់ គម្រោងការពារទឹកជំនន់ជំហានទី៤ហើយ។
ឯកឧត្តមបញ្ជាក់ថា ប្រទេសកម្ពុជា បានចងសម្ព័ន្ធមេត្រីភាព ជាមួយប្រទេសជប៉ុនរយៈពេលជាង ៦២ឆ្នាំមកហើយ តាមរយៈទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនេះ កម្ពុជាទទួលបានផ្លែផ្កាជាច្រើនពីប្រទេសជប៉ុន៕