ប្រតិបត្តិករទេសចរណ៍ កំពុងស្នើសុំរដ្ឋាភិបាលឱ្យចាប់ផ្តើមធ្វើការស្រាវជ្រាវលើផែនការស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ដែលនឹងមានបំណងបដិសេធនូវលក្ខខណ្ឌតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ សម្រាប់អ្នកទេសចរទាំងឡាយណាដែលបានចាក់វ៉ាក់សាំងការពារ ជម្ងឺកូវិត covid-19 រួច ។
លោកស្រី ម៉ារីសា ស៊ូកូសូល នុនហាកឌី ប្រធានសមាគមសណ្ឋាគារថៃ (THA) បាននិយាយថា រដ្ឋាភិបាលគួរតែចាប់ផ្តើមស្រាវជ្រាវគោលការណ៍ណែនាំសម្រាប់ភ្ញៀវទេសចរដែលបានទទួលវ៉ាក់សាំង ដើម្បីចៀសពីការធ្វើចត្តាឡីស័កជាចាំបាច់ ប្រសិនបើប្រទេសថៃ និងប្រទេសដទៃទៀត អាចអនុវត្តកម្មវិធីចាក់វ៉ាក់សាំងពេញលេញសម្រាប់ប្រជាជនរបស់ពួកគេ។ លោកស្រី Marisa និយាយថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗ ការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ បានក្លាយ ជាឧបសគ្គដ៏ធំបំផុត ធ្វើឲ្យភ្ញៀវទេសចរបរទេសរុញរា។
លោកស្រី បាននិយាយថារដ្ឋាភិបាលអាចតម្រូវឱ្យភ្ញៀវទេសចរមានលិខិតបញ្ជាក់នៃការចាក់វ៉ាក់សាំង Covid-19 ឬបង្កើតផែនការធ្វើដំណើរ តាមរយៈកិច្ចព្រមព្រៀងទ្វេរភាគីដើម្បីបង្កើត ស្តង់ដារទេសចរណ៏ស្រដៀងគ្នារវាងប្រទេសជាច្រើន។ ខណៈសណ្ឋាគារជាច្រើនមិនអាចធ្វើប្រតិបត្តិការ ខណៈមានរលកថ្មីនៃការឆ្លងមេរោគក្នុងតំបន់ សមាគមសណ្ឋាគារ បានជំរុញឱ្យ រដ្ឋាភិបាលអនុវត្តជំនួយហិរញ្ញវត្ថុដែលសំដៅទៅរកនិយោជិក។ នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡា សមាគមសណ្ឋាគារថៃ បានស្នើឱ្យមានគម្រោងបង់ប្រាក់រួម ដែលនឹងផ្តល់ប្រាក់ឧបត្ថម្ភ ៥០ ភាគរយសម្រាប់ប្រាក់ឈ្នួលប្រចាំខែរបស់និយោជិក។ ការទូទាត់នឹងត្រូវកំណត់ត្រឹម ៧.៥០០ បាត។ លោកស្រី Marisa និយាយថាសម្រាប់សណ្ឋាគារដែលបានបិទជាបណ្តោះអាសន្នតាមបទបញ្ជា មូលនិធិសន្ដិសុខសង្គម និងទូទាត់សំណងដល់ពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងកាត់បន្ថយការបង់ប្រាក់អគ្គិសនី ដើម្បីជួយក្នុងការចំណាយ ។
លោកស្រី Marisa និយាយថា ផ្នែកសណ្ឋាគារបានរងវិបត្តិជិតមួយឆ្នាំជាពិសេសសណ្ឋាគារនៅតាមគោលដៅធំ ៗ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើការមកដល់របស់ភ្ញៀវអន្តរជាតិ។ ការផ្ទុះឡើងមេរោគថ្មីៗនេះ ធ្វើឱ្យស្ថានការណ៍កាន់តែលំបាកក្នុងរយៈពេល ៣-៦ ខែខាងមុខទៀត ដូច្នេះវិធានការណ៍ដើម្បីគាំទ្រប្រាក់ខែគឺជាបញ្ហាសំខាន់៕