អាមេរិក ៖ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោកចូ បៃឌិន នឹងចាក់វ៉ាក់សាំងការពារជំងឺ កូវីដ១៩ រយះពេល៣ សប្តាហ៍បន្ទាប់ពីការចាក់លើកដំបូងរបស់លោក ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ដើម្បីបង្កើនទំនុកចិត្តរបស់សាធារណជនលើវ៉ាក់សាំងនេះ។
លោក បៃឌិន អាយុ ៧៨ ឆ្នាំបានប្រាប់ប្រជាជនអាមេរិកថា គ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ នៅពេលលោកចាក់វ៉ាក់សាំងក្រុមហ៊ុនភីហ្វាយហ្ស័រ និងបាយអូអេនតិច លើកដំបូងនៅមន្ទីរពេទ្យ គ្រីស្ទីណា ក្នុងទីក្រុងណេវ៉ាក រដ្ឋដេឡាវ៉ា កាលពីថ្ងៃទី ២១ ខែធ្នូ។ ក្រុមរបស់លោកបាននិយាយថា វ៉ាក់សាំងដូសទីពីររបស់លោក ក៏នឹងត្រូវបានធ្វើនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយផងដែរ ដោយមិនផ្តល់ព័ត៌មានលំអិតទេ។
មនុស្សជាង ៣៧៤០០០ នាក់បានស្លាប់ ដោយសារជំងឺកូវីដ ១៩នៅអាមេរិក ហើយលោកបៃឌិន បានបន្ទោសការចែកចាយវ៉ាក់សាំងដែលមានបញ្ហា ដោយរដ្ឋបាល របស់ប្រធានាធិបតីដូណាល់ត្រាំថាជារឿងគួរអោយស្អប់ខ្ពើម។ រហូតមកដល់ពេលនេះ ប្រជាជនអាមេរិកប្រមាណ ៦.៧ លាននាក់ បានទទួលការចាក់វ៉ាក់សាំងជាលើកដំបូង ដែលឆ្ងាយពី គោលដៅចំនួន ២០ លាននាក់នៅចុងឆ្នាំ ២០២០ ។ ប៉ុន្តែវ៉ាកសាំងចំនួន ២២.១ លានដូស ត្រូវបានចែកចាយទូទាំងប្រទេស ដោយគូសបញ្ជាក់ពីបញ្ហាប្រឈមសំរាប់ការចាក់វ៉ាក់សាំង ដល់មនុស្សវ័យចំណាស់ និងបុគ្គលិកសុខាភិបាលដែលជាអាទិភាព។
វ៉ាក់សាំងទាំងពីរត្រូវបានអនុញ្ញាតនៅសហរដ្ឋអាមេរិក ដែលបង្កើតដោយក្រុមហ៊ុនភីហ្វាយហ្ស័រ និងក្រុមហ៊ុនម៉ូដឺណា តម្រូវអោយអ្នកចាក់វ៉ាក់សាំង ទទួលដូសទី២ ក្រោយពីចាក់ដូសទី១រយៈពេល ៣ និង ៤ សប្តាហ៍។ លោកបៃឌិន ដែលនឹងឡើងកាន់តំណែង នៅថ្ងៃទី ២០ ខែមករា គ្រោងនឹងបញ្ចេញវ៉ាក់សាំងជាច្រើនដូសតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើឱ្យប្រាកដថាប្រជាជនទទួលវ៉ាក់សាំងដូសបន្ទាប់អោយបានទាន់ពេលវេលា ដូចពិធីការបច្ចុប្បន្ន៕