ប្តូរចិត្ត ! ក្រោយការត្រួតពិនិត្យ អាជ្ញាធរភ្នំពេញ សម្រេចមិនកាប់ដើមឈើអាយុជាង៣០០ឆ្នាំចោលទេ

ភ្នំពេញ ៖ ឥឡូវមានការកែប្រែវិញហើយ ក្រោយពេលចុះពិនិត្យស្ថានភាពផ្ទាល់ នៅព្រឹកថ្ងៃទី១២ មករា នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសម្រេចមិនឱ្យកាប់ដើមឈើទាំងបីដើមដែលស្ថិតនៅលើបណ្តោយសួនច្បារផ្លូវភ្លោះពេទ្យអង្គឌួង នោះចេញទេ តែត្រូវលះមែកវាចេញ និងបន្តឱ្យវារស់នៅលើទីតាំងនោះដដែល។

ដើមឈើធំៗចំនួន៣ដើម ក្នុងចំណោមដើមឈើធំៗប្រមាណជា៥០ដើម នៅលើសួរកាណាឌីយ៉ា មុខមន្ទីរពេទ្យព្រះអង្គឌួងស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលអាជ្ញាធររាជធានីភ្នំពេញ ក្រោមការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានសំរេចអោយកាប់យកចេញហើយដាំជំនួសថ្មីនោះ ឥឡូវនេះ ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសម្រេចមិនអោយកាប់យកចេញនោះទេ មានតែការដាំថ្មីបន្ថែម។
ការសម្រេចដូច្នេះ បានធ្វើឡើង ក្រោយពេលដែលឯកឧត្តមអភិបាលបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះជាក់ស្តែង នាព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ ។

ក្នុងដំណើរនៃការចុះពិនិត្យដើមឈើនេះ ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា ដើមឈើទាំងបីដើមនេះមិនត្រូវបានកាប់ចេញនោះទេ ដោយសារវាអាចនៅបន្តឈរទៀតបាន ។ តែឯកឧត្តមបានបញ្ជាឲ្យ មន្រ្តីនៃមន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសហការគ្នាមើលថែ ដោយធ្វើបានត្រឹមតែលះមែកឬកាត់មែកដែលស្អុយចេញបាន ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទប់ដើម ដើម្បីកុំអោយរំលំបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់យ៉ាងច្បាស់ថា នៅរាជធានីភ្នំពេញ គ្មានការកាប់ដើមឈើយកចេញទេ មានតែការដាំថ្មីបន្ថែម ដើម្បីអោយទីក្រុងក្លាយជាទីក្រុងមានពណ៏បៃតង មានបរិស្ថានល្អ។

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងកាលពីថ្ងៃ០៨ខែ មករាកន្លងមកនេះហើយថា ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងមានចំនួនប្រមាណ៥០ដើម ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានសំរេចកាប់យកចេញ និងដាំដើមឈើថ្មីជំនួសវិញ ដោយសារតែដើមឈើទាំង៣ដើមនោះមានលក្ខណះពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។តែមកដល់ថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ ប្ទាប់ពី ឯកឧត្តមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះ ជាក់ស្តែងក៏បានសំរេចជាថ្មីថា មិនអោយកាប់យកចេញ ចំពោះដើមឈើទាំងបីដើមនេះទេ មានតែការដាំថ្មីបន្ថែម ៕