ភ្នំពេញ ៖ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសាររំលឹកពីជិវិតក្រោយអាពាហ៍ពិពាហ៍កាលពី ៤៥ឆ្នាំមុន (៥ មករា ១៩៧៦-៥ មករា ២០២១) ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងការឆ្លងកាត់ក្នុងភ្នក់ភ្លើងសង្រ្គាម ដែលសម្ដេចពុំគួរឱ្យជឿថា អាចមានជីវិតរហូតមកដល់សព្វថ្ងៃនោះឡើយ។
នៅលើផេកផ្លូវការនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា ៖«… ថ្ងៃនេះ គឺជាខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំរបស់ខ្ញុំ (៥ មករា ១៩៧៦-៥ មករា ២០២១) ខ្ញុំតែងតែគិតថា អ្វីដែលខ្ញុំ និងភរិយា បានឆ្លងកាត់ក្នុងសម័យសង្រ្គាម គឺពុំឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ»។
សម្ដេចតេជោគូសបញ្ជាក់ថា ៖ « ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការ គ្មានទេដែលហៅថាសេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១និងបែកគ្នាក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល២ខែ។ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ខ្ញុំ និងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសំរាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផងដែរ»។
សំណេររបស់សម្តេច បានលើកឡើងថា ៖ «ទុក្ខស្រីប្តីព្រាត់» បានធ្វើឱ្យខ្ញុំ និងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង ២នាក់ រហូតមកដល់ពេលនេះយើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ចចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់។
ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខ និងសំណាងល្អក្នុងឆ្នាំសកលថ្មី ២០២១ កុំបីខានឡើយ៕